រដ្ឋបាលស្រុកស្ទោង វេចនំអន្សមជាង ១០០០នំ ឧបត្ថម្ភលើកទឹកចិត្តដល់វីរកងទ័ព និងវីរនគរបាលជួរមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរយៈរដ្ឋបាលខេត្តកំពង់ធំ

12-04-2026 16:06

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកស្ទោង បានរៀបចំនំវេចអន្សមជាង ១,០០០នំ សម្រាប់ឧបត្ថម្ភ និងលើកទឹកចិត្តដល់វីរកងទ័ពនិងវីរនគរបាលជួរមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី តាមរយៈរដ្ឋបាលខេត្តកំពង់ធំ។

អំណោយជានំអន្សមទាំងនេះ ត្រូវបានដឹកជញ្ជូនទៅដល់សាលាខេត្តកំពង់ធំរួចរាល់ហើយ ក្រោមគំនិតផ្តួចផ្តើមរបស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងដឹកនាំអនុវត្តដោយលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ដោយមានកិច្ចសហការយ៉ាងសកម្មពីព្រះមន្ត្រីសង្ឃ ព្រមទាំងញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តនានា ក្នុងស្រុកស្ទោង។

ការរៀបចំនំអន្សមឧបត្ថម្ភនេះ គឺជាកាយវិការដ៏ថ្លៃថ្លាមួយ បង្ហាញពីស្មារតីសាមគ្គីភាព មនោសញ្ចេតនា និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរកងទ័ពជួរ និងវីរនគរបាលមុខដ៏អង់អាចក្លាហាន ដែលបានលះបង់កម្លាំងកាយចិត្ត និងពលីគ្រប់បែបយ៉ាង ដើម្បីការពារបុព្វហេតុជាតិ មាតុភូមិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក សាយ គឹមឡម ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម រាក្សសាទេវី សូមតាមជួយបីបាច់ថែរក្សា ឃុំគ្រង និងការពារវីរកងទ័ព និងវីរនគរបាលជួរមុខទាំងអស់ ឱ្យបានប្រកបដោយសុខសុវត្ថិភាព សុខភាពល្អ កម្លាំងមាំមួន និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីអាក់ខានឡើយ។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុក ក៏បានសម្តែងនូវក្តីសង្ឃឹម និងជំនឿយ៉ាងមុតមាំថា វីរកងទ័ព និងវីរនគរបាលជួរមុខទាំងអស់ នឹងបន្តបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដោយទទួលបានជោគជ័យក្នុងការការពារសុខសន្តិភាព ស្ថិរភាព និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងឈ្នះអស់មារសត្រូវទាំងឡាយដែលប៉ុនប៉ងបង្កអរិភាពមកលើព្រះរាជាណាចក្រកម្ពុជា។

លោក សាយ គឹមឡម បានបញ្ជាក់ថា អន្សមទាំងនេះ នឹងត្រូវដឹកជញ្ជូនបន្តទៅប្រគល់ជូនវីរកងទ័ព និងវីរនគរបាលជួរមុខ តាមរយៈរដ្ឋបាលខេត្តកំពង់ធំ ក្នុងពេលឆាប់ៗខាងមុខនេះ គឺមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរមកដល់ ដើម្បីជាការចូលរួមចំណែកលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់កងទ័ពដែលកំពុងបំពេញភារកិច្ចដ៏សំខាន់នៅជួរមុខ។

សកម្មភាពដ៏ប្រពៃនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីរួបរួម សាមគ្គីភាព និងការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋបាលស្រុកស្ទោង ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំពោះវីរកងទ័ព និងវីរនគរបាលជួរមុខ ដែលជាកម្លាំងស្នូលក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងសុខសន្តិភាពជូនប្រជាជនទូទាំងប្រទេស៕