អភិបាលក្រុងអរិយក្សត្រ អំពាវនាវពលរដ្ឋប្រារព្ធពិធីបុណ្យចូលឆ្នាំតាមលំអានវប្បធម៌ និងប្រពៃណីជាតិខ្មែរ ខណៈសន្តិសុខត្រូវរៀបចំការពារយ៉ាងតឹងរ៉ឹង
12-04-2026 16:48
(កណ្ដាល)៖ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃ១២ ខែមេសា ឆ្នាំ២០២៦នេះថា រដ្ឋបាលក្រុង បានរៀបចំការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅតាមទីវត្តអារាម និងកន្លែងកម្សាន្តនានាជាច្រើនផ្សេងទៀត ហើយក៏ស្នើឱ្យប្រជាពលរដ្ឋលេងកម្សាន្តតាមលំអានវប្បធម៌ប្រពៃណីជាតិខ្មែរ ដែលបន្សល់ពីបុរាណកាលមក។ ពិសេសបានរៀបចំការការពារសណ្ដាប់ធ្នាប់ សន្តិសុខយ៉ាងតឹងរ៉ឹងផងដែរ។
លោកអភិបាលក្រុងបានបន្តថា សូមពលរដ្ឋកុំលេងប៉ាតម្សៅ ជះទឹក ឬកម្សាន្តបែបហិង្សា ប៉ុន្តែសូមចូលរួមលើកតម្កើនល្បែងប្រពៃណីជាតិ ដូចជាវាយក្អម លាក់កន្សែង លោតបាវ បោះអង្គុញ ជាដើម ហើយសម្រាប់ចម្រៀងវិញ សូមច្រៀង និងរាំកម្សាន្តតែចង្វាក់បែបប្រពៃណីខ្មែរយើង។ សូមចៀសវាងចម្រៀង ញ័រញាក់ កន្ត្រាក់អារម្មណ៍ ហើយសូមកុំបង្ករហិង្សា បង្កអរសន្តិសុខ សណ្ដាប់ធ្នាប់ណាមួយឱ្យសោះ ព្រោះរដ្ឋបាលក្រុង បានដាក់កម្លាំងយាមកាមប្រចាំការ២៤ម៉ោង លើ២៤ម៉ោង។
លោកអភិបាលក្រុងបានគូសបញ្ជាក់ថា ក្រុមការងារបានរៀបចំតុបតែងនៅតាមទីវត្តអារាម និងកន្លែងកម្សាន្តនានាជាច្រើនផ្សេងទៀត ដើម្បីលើកសម្រស់ក្រុងអរិយក្សត្រ និងបង្ហាញពីវប្បធម៌របស់ខ្មែរយើងទៅកាន់កូនខ្មែរគ្រប់រូបឱ្យដឹង បានស្គាល់ថា អ្វីជារបស់ខ្មែរយើង ហើយសូមនាំគ្នា ថែរក្សា ការពារឱ្យបានគង់វង្ស តកូន តចៅគ្រប់ៗជំនាន់ទៅមុខ។
យ៉ាងណាមិញ លោកអភិបាលក្រុងក៏អំពាវនាវឱ្យប្រជាពលរដ្ឋដែលលេងកម្សាន្តថ្ងៃចូលឆ្នាំ ចូរនឹករលឹកដល់វីរកងទ័ព និងវីរនគរបាលបានកំពុងខិតខំយាមកាមការពារទឹកដីយើងពីសំណាក់ចោរសៀម និងសូមបន្តរួមគ្នាជួយឧបត្ថម្ភជាបន្តបន្ទាប់ មិនថាតិចក្ដី ច្រើនក្ដៅ សូមធ្វើតាមសទ្ធា ហើយរួមគ្នាជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងប្រឆាំងដាច់ខាតរាល់អំពើឈ្លានពានរបស់ចោរសៀមមកលើដែនអធិបតេយ្យជាតិរបស់កម្ពុជា៕





































