បណ្ឌិត ញិល រដ្ឋា៖ អាមេរិកដុត ចិនពន្លត់ យុទ្ធនាការ «គ្រួសារតែមួយ» និងមនោគមវិជ្ជាបង្រួបបង្រួមកោះតៃវ៉ាន់
12-04-2026 18:25
(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានចោទជាសំណួរថា តើពិភពលោកកំពុងដើរឆ្ពោះទៅរកសង្គ្រាមលោកលើកទី៣ ឬក៏កំពុងរៀបចំសណ្ដាប់ធ្នាប់ថ្មីដែលជៀសមិនផុត? នៅខណៈពេលដែលមជ្ឈឹមបូព៌ាកំពុងឡើងចុះកម្ដៅតាមអារម្មណ៍អ្នកដុត គឺឥន្ត្រីចំណាស់ ដែលកំពុងមមាញឹកនឹងការ «ថែមអុស» បង្កាត់ភ្លើងជម្លោះ (ការបង្វែររឿងចេញមកកន្លែងថ្មី) ចំណែកឯនាគវិញបែរជាមិនព្រស់ភ្លើង បែជាប្រើផែនការ «ពន្លត់ភ្លើង» ដោយប្រើអំណាចទន់យ៉ាងអាថ៌កំបាំង ខុសពីធម្មជាតិរបស់ខ្លួនទៅវិញ។
លោកបណ្ឌិត បានបន្តថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News ថា ជំនួបជាប្រវត្តិសាស្ត្ររវាងលោក Xi Jinping និងមេបក្សគួមីងតាំង (Kuomintang-KMT) មិនមែនគ្រាន់តែជាការចាប់ដៃគ្នាបែបការទូតធម្មតានោះទេ ប៉ុន្តែវាគឺជាការអនុវត្តយុទ្ធសាស្ត្រ DIFID បែបចិន ដែលយុវជន ត្រូវតែយល់ដឹង ដើម្បីមើលឱ្យធ្លុះពីអនាគតសេដ្ឋកិច្ច និងសន្តិសុខអាស៊ាន។
ដោយសាកល្បងពិចារណាតាមទិដ្ឋភាពសំខាន់ៗចំនួន៤ ដូចខាងក្រោម៖
១. និមិត្តរូបនៃ «គ្រួសារតែមួយ» និងមនោគមវិជ្ជាបង្រួបបង្រួម
តាមរយៈការលើកឡើងថា ប្រជាជននៅសងខាងច្រកសមុទ្រតៃវ៉ាន់គឺជា «ជនជាតិចិន» លោក Xi Jinping កំពុងប្រើប្រាស់អត្តសញ្ញាណវប្បធម៌ និងប្រវត្តិសាស្ត្រ ជាស្ពានចម្លងដូចជា៖
- ការគោរពវិញ្ញាណក្ខន្ធលោក Sun Yat-sen៖ ការដែលមេដឹកនាំ KMT ទៅគោរពវិញ្ញាណក្ខន្ធស្ថាបនិកKMTនៅចិនដីគោក គឺជាការរំលឹកពីឫសគល់រួមគ្នា។ លោក Sun Yat-sen ត្រូវបានគោរពទាំងនៅចិនដីគោក និងតៃវ៉ាន់ ដែលវាជា «ចំណុចរួម» តែមួយគត់ដែលភាគីទាំងពីរអាចយល់ស្របគ្នាបាន។
- សារនយោបាយ៖ ប៉េកាំងចង់បង្ហាញថា ការបង្រួបបង្រួមគឺជា «ជោគវាសនាប្រវត្តិសាស្ត្រ» ដែលមិនអាចជៀសផុតបាន ហើយវាមិនមែនជាការឈ្លានពាន ប៉ុន្តែជាការជួបជុំគ្នានៃសាច់ញាតិបងប្អូនចិន។
២. យុទ្ធសាស្ត្រ DIFID៖ «បំបែកដើម្បីគ្រប់គ្រង» របស់ប៉េកាំង និងការព្យាយាមតបតដោយរដ្ឋាភិបាល DPP
ការជ្រើសរើសជួបជាមួយបក្សប្រឆាំង (KMT) ជំនួសឱ្យរដ្ឋាភិបាលបច្ចុប្បន្ន (Democratic Progressive Party- DPP) គឺជាយុទ្ធសាស្ត្រនយោបាយសម្លុតបែបទន់ភ្លន់ ដូចជា៖
- ការផ្តល់ជម្រើសដល់អ្នកបោះឆ្នោតតៃវ៉ាន់៖ តាមរយៈការទទួលស្វាគមន៍ KMT យ៉ាងកក់ក្តៅ ប៉េកាំងកំពុងផ្ញើសារថា បើ KMT ឡើងកាន់អំណាច ទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខនឹងមានភាពប្រសើរឡើង។
- ប៉េកាំងកំពុងអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» បែបចិន ដោយប្រើ DIFID ដើម្បីរំលាយជម្លោះតាមរយៈការចរចាជាមួយភាគីដែលយល់ស្រប (KMT) ដើម្បីដាក់សម្ពាធ និងរំលាយឥទ្ធិពលភាគីដែលរឹងរូស (DPP) ដោយមិនចាំបាច់ប្រើកម្លាំងបាយទ្រង់ទ្រាយធំ។
* DIFID ដែលចិនប្រើគឺ៖
D. ប៉េកាំងព្យាយាមបំបែក (Divide) កម្លាំងនយោបាយផ្ទៃក្នុងរបស់តៃវ៉ាន់។ វាធ្វើឱ្យមតិសាធារណៈតៃវ៉ាន់មានការបែកបាក់គ្នាលើជម្រើសអនាគតជាតិ។
- តៃវ៉ាន់ (DPP) ទប់ទល់តាមរយៈការប្រកាសប្រាប់ពិភពលោកថា អនាគតរបស់តៃវ៉ាន់ ត្រូវតែសម្រេចដោយប្រជាជនតៃវ៉ាន់ ២៣លាននាក់ មិនមែនដោយបក្សកុម្មុយនីស្តចិន ឬបក្សប្រឆាំងណាមួយឡើយ។
I. តាមរយៈការទទួលស្វាគមន៍បក្សប្រឆាំង និងបដិសេធមិនចរចាជាមួយរដ្ឋាភិបាលបច្ចុប្បន្ន ចិនកំពុង ធ្វើឱ្យឯកោ (Isolate) បក្សកាន់អំណាច (DPP) ទាំងក្នុងស្រុក និងក្នុងឆាកអន្តរជាតិ។
- តៃវ៉ាន់(DPP)ទប់ទល់តាមរយៈការបង្កើនទំនាក់ទំនងជាមួយអាមេរិក និងអឺរ៉ុប (បាល់ទិច) យ៉ាងខ្លាំងក្លា។
F. គោលដៅបញ្ចប់ ឬបញ្ឈប់ (Finish)ស្មារតីតស៊ូរបស់មជ្ឈដ្ឋានដែលចង់បានឯករាជ្យ និងមនោគមវិជ្ជា «តៃវ៉ាន់និយម»។ នៅពេលប្រជាជនតៃវ៉ាន់ឃើញបក្ស KMT ទទួលបានការរាប់អាន និងឱកាសសេដ្ឋកិច្ចពីចិន វានឹងបង្កើតជាសម្ពាធចិត្តសាស្ត្រឱ្យពួកគេងាកមករកផ្លូវសម្រុះសម្រួលវិញ។
- តៃវ៉ាន់(DPP)ទប់ទល់តាមរយៈគេហទំព័រប្រធានាធិបតីដើរតួនាទីជាខែលការពារព័ត៌មាន និងអូសទាញសារព័ត៌មានលោកខាងលិចឲ្យនៅខាងខ្លួន ដើម្បីកុំឱ្យមនោគមវិជ្ជាបង្រួបបង្រួមរបស់ចិន បំផ្លាញសញ្ញាណរដ្ឋឯករាជ្យរបស់ខ្លួន។
I. តាមរយៈសារ «គ្រួសារតែមួយ និងប៉េកាំង» ប្រើប្រាស់ការធ្វើសមាហរណកម្ម (Integrate) តាមរយៈប្រពៃណី និងវប្បធម៌។
- តៃវ៉ាន់(DPP)ទប់ទល់តាមរយៈការបដិសេធគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» ដោយរំលេចអំពីវិបាកដែលបានកើតឡើងរួចមកហើយនៅហុងកុង។
D. បរិបទនេះ គឺការព្យាយាមប្រាប់ទៅតៃវ៉ាន់ និងអាស៊ាន (ចលនាជាច្រើនបានធ្វើនៅម៉ាឡេស៊ី និងសិង្ហបុរី) ថា ប្រសិនបើ KMT ទទួលបានប្រជាប្រិយភាព ទីផ្សារភាគហ៊ុន និងខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីបនឹងមានស្ថិរភាព នេះជាការអភិវឌ្ឍរួមគ្នា (Developed)។
- តៃវ៉ាន់(DPP)ទប់ទល់តាមរយៈការដាក់ចេញនូវ «នយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី» ដោយជំរុញឱ្យក្រុមហ៊ុនតៃវ៉ាន់ងាកមកវិនិយោគនៅ អាស៊ាន (រួមទាំងកម្ពុជា ថៃ វៀតណាម) និងឥណ្ឌាវិញដើម្បីបំបែកខ្សែច្រវាក់ផ្គត់ផ្គង់ចេញពីចិន។
៣. បរិបទសន្តិសុខ និងសេដ្ឋកិច្ចពិភពលោក (ឆ្នាំ២០២៦)
នៅក្នុងឆ្នាំ២០២៦ ដែលស្ថានភាពសកលលោកមានភាពផុយស្រួយ ជំនួបនេះមានអត្ថន័យលើសពីបញ្ហាក្នុងស្រុក៖
ក. បំភ័យតាមបន្ទះឈីប៖ ខ្សែជីវិតសេដ្ឋកិច្ចសកល
ក្នុងឆ្នាំ ២០២៦ តៃវ៉ាន់នៅតែជាអ្នកគ្រប់គ្រងលើផលិតកម្មបន្ទះឈីបកម្រិតខ្ពស់បំផុតរបស់ពិភពលោក។
- ទិន្នន័យគន្លឹះ៖ ក្រុមហ៊ុន TSMC របស់តៃវ៉ាន់ផលិតបន្ទះឈីបកម្រិតក្រោម 5nm (N5) រហូតដល់ទៅជាង ៧០% នៃតម្រូវការសកល។
- ហានិភ័យ៖ ប្រសិនបើមានជម្លោះយោធា វានឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ប្រមាណ ១០ ទ្រីលានដុល្លារ (ប្រហែល ១០% នៃ GDP សកល) ដែលធ្ងន់ធ្ងរជាងវិបត្តិ COVID-19 សង្គ្រាមនៅអ៊ុយក្រែន និងសង្គ្រាមនៅអ៊ីរ៉ង់ទៅទៀត។
ខ. ច្រកសមុទ្រតៃវ៉ាន់៖ សរសៃឈាមពាណិជ្ជកម្មតាមសមុទ្រ
ច្រកសមុទ្រតៃវ៉ាន់គឺជាផ្លូវនាវាចរណ៍ដ៏មមាញឹកបំផុតមួយក្នុងលោក៖
- បរិមាណដឹកជញ្ជូន៖ ជិត ៥០% នៃនាវាដឹកកុងតឺន័រធំៗរបស់ពិភពលោក និង ៨៨% នៃនាវាដឹកទំនិញខ្នាតយក្សបំផុត បានឆ្លងកាត់ច្រកសមុទ្រនេះក្នុងមួយឆ្នាំៗ។
- ទិន្នន័យសន្តិសុខ៖ ការធ្វើសមយុទ្ធយោធាដដែលៗរបស់ចិនកន្លងមក បានបង្កើនថ្លៃធានារ៉ាប់រងលើការដឹកជញ្ជូនទំនិញតាមសមុទ្រក្នុងតំបន់អាស៊ីកើនឡើងចន្លោះពី ១៥% ទៅ ២៥%។
ជំនួបជាមួយមេដឹកនាំ KMT គឺជាសញ្ញា «ផ្អាក» នៃភាពតានតឹង ដែលជួយឱ្យទីផ្សារហិរញ្ញវត្ថុ និងក្រុមហ៊ុនដឹកជញ្ជូនមានទំនុកចិត្តឡើងវិញក្នុងឆ្នាំ ២០២៦។
គ. ការប្រកួតប្រជែងអាវុធ និងប្លុកនយោបាយ
បរិបទសន្តិសុខឆ្នាំ ២០២៦ ឃើញមានការបែងចែកប្លុកច្បាស់ៗ៖
- ប្លុករុស្ស៊ី-អឺរ៉ាស៊ី៖ មូស្គូគាំទ្រពេញទំហឹងលើគោលការណ៍ "ចិនតែមួយ" ដើម្បីបង្វែរការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកពីអឺរ៉ុបមកអាស៊ីវិញ។
៤. សេដ្ឋកិច្ចរវាងចិន និង តៃវ៉ាន់
ទោះបីជាមានជម្លោះនយោបាយ ប៉ុន្តែទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរនៅតែស្អិតរមួត៖
- ការនាំចេញ៖ ជាង ៣៥% នៃទំនិញនាំចេញរបស់តៃវ៉ាន់គឺឆ្ពោះទៅកាន់ចិនដីគោក និងហុងកុង។
- ការវិនិយោគ៖ ក្រុមហ៊ុនតៃវ៉ាន់រាប់ម៉ឺនក្រុមហ៊ុនកំពុងប្រតិបត្តិការក្នុងប្រទេសចិន ដែលផ្តល់ការងារដល់ប្រជាជនចិនរាប់លាននាក់។
សន្និដ្ឋាន៖ បរិបទឆ្នាំ២០២៦ គឺជាឆ្នាំនៃការ «ស្ទាបស្ទង់»។ ជំនួបរវាងលោក Xi Jinping និង KMT គឺជាការប្រើប្រាស់ «អំណាចទន់» ដើម្បីទប់ទល់នឹងសម្ពាធសេដ្ឋកិច្ច និងយោធាដែលកំពុងឡើងកម្ដៅខ្លាំងក្នុងសាកល។ ពិភពលោក(ជាពិសេសអ្នកដុត) កំពុងតាមដានថា តើការប្រើប្រាស់មធ្យោបាយការទូត(អ្នកពន្លត់)នេះ អាចពន្យារពេល ឬបញ្ចៀសការប៉ះទង្គិចយោធាបានយូរប៉ុណ្ណា។
ល្បែង «អាមេរិកដុត ចិនពន្លត់» មិនត្រឹមតែផ្ដល់មេរៀនភូមិសាស្ត្រនយោបាយដល់ពិភពលោកនោះទេ ប៉ុន្តែវាគឺជាកញ្ចក់ឆ្លុះសម្រាប់អ្នកជិតខាងដូចជា ខ្មែរ និងថៃ។ នៅពេលមហាយក្សប្រើប្រាស់យុទ្ធសាស្ត្រ DIFID និង Win-Win ដើម្បីដោះស្រាយជម្លោះ តើប្រទេសក្នុងអាស៊ានគួររៀនសូត្រអ្វីខ្លះ?
យុវជនត្រូវឆ្លាតវៃ៖ «កុំរង់ចាំឱ្យគេដុត ទើបយើងរកទឹកពន្លត់»។ ការយល់ដឹងពីតុល្យភាពអំណាចរវាងចិន និងអាមេរិក នឹងជួយឱ្យយើងចេះរៀបចំយុទ្ធសាស្ត្រ «សន្តិសហវិជ្ជមាន» ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរួម ជាពិសេសក្នុងវិស័យពាណិជ្ជកម្មតាមព្រំដែន និងស្ថិរភាពតំបន់។
សន្តិភាពមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែវាជាលទ្ធផលនៃយុទ្ធសាស្ត្របំបែកភាពតានតឹងដ៏ឆ្លាតវៃបំផុត៕








