លោក ឆាយ ឫទ្ធិសែន និងលោកស្រី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រួសារវីរកងទ័ពកម្ពុជាឈរជើងនៅសមរភូមិមុខចំនួន ៤៣២គ្រួសារ នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
12-04-2026 19:35
(កំពង់ឆ្នាំង)៖ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពកម្ពុជាឈរជើងនៅសមរភូមិមុខចំនួន ៤៣២គ្រួសារ នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ពិធីសំណេះសំណាលនោះ មានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសាមគ្គីមានជ័យ រួមជាមួយគ្នានេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវប្រធានកិត្តិយស លោកជំទាវសមាជិកកិត្តិយស លោកស្រីប្រធាន អនុប្រធាន និងសមាជិកប្រតិបត្តិនៃសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
តាមរយៈរបាយការណ៍ស្វាគមន៍របស់ លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានបញ្ជាក់ជូនថា៖ នៅទូទាំងស្រុកសាមគ្គីមានជ័យ មានប្រជាពលរដ្ឋដែលមានគ្រួសារកំពុងឈរជើងនៅសមរភូមិមុខ ជាប់ព្រំដែនកម្ពុជា-ថៃ សរុបចំនួន ៤៣២គ្រួសារ។ លោកបានបញ្ជាក់ជូនថា វីរកងទ័ពដែលរងរបួស និងគ្រួសារវីរកងទ័ពទាំងអស់ នៅទូទាំងស្រុកសាមគ្គីមានជ័យ តែងតែទទួលបានការយកចិត្តទុកដាក់ និងការចុះសួរសុខទុក្ខជាប្រចាំ តាមរយៈអាជ្ញាធរភូមិ ឃុំ រដ្ឋបាលស្រុក ជាពិសេសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង៩ នៃស្រុកសាមគ្គីមានជ័យ។ ជាមួយគ្នានោះ បងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃ ក៏ត្រូវបានយកចិត្តទុកដាក់ តាមរយៈការជួយឱ្យទទួលបានការងារធ្វើជាបន្ដបន្ទាប់។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និងព្រួយបារម្ភជានិច្ចពីសុខទុក្ខរបស់បងប្អូនគ្រួសារវីរកងទ័ព ព្រមទាំងបាននាំមកជាមួយនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដែលអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាក្រុមគ្រួសារវីរកងទ័ពនៅសមរភូមិមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
លោករដ្ឋមន្ដ្រី ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីគោលជំហររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្ដិវិធី តាមរយៈការចរចារទ្វេរភាគីដោយប្រើប្រាស់យន្ដការដែលមានស្រាប់ ការប្រើប្រាស់យន្ដការច្បាប់អន្ដរជាតិទាំងក្នុងតំបន់ និងសកលលោក ក្នុងគោលបំណងបញ្ចៀសឱ្យផុតពីការប៉ះទង្គិចគ្នាដោយអាវុធ ឬការធ្វើសង្គ្រាម។
បន្ថែមពីនេះ លោករដ្ឋមន្ដ្រី បានសម្ដែងការកោតសរសើរនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពនៅសមរភូមិមុខក្នុងការប្រយុទ្ធការពាបូរណភាពទឹកដី និងដែនអធិបតេយ្យភាព ព្រមទាំងបានធ្វើការថ្លែអំណរគុណចំពោះក្រុមគ្រួសារបស់វីរកងទ័ពគ្រប់រូបដែលបានអនុញ្ញាតឱ្យប្តី ប្អូន និងកូន ទៅបំពេញភារកិច្ចក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ ។
ជាចុងក្រោយ លោករដ្ឋមន្ដ្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តជឿទុកចិត្តលើកងកម្លាំងយោធាកម្ពុជានិងជឿជាក់លើការដឹកនាំរបស់ប្រមុខដឹកនាំកំពូលរបស់ប្រទេសកម្ពុជា ព្រមទាំងបានបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំមមី សូមតាមជួយបីបាច់ថែរក្សា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ ជាពិសេសសូមជូនពរដល់វីរកងទ័ពជួរមុខសូមមានសុខភាពល្អមាំមួន និងទទួលជ័យជម្នះគ្រប់សមរភូមិ៕


































