នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារជូនពរកងកម្លាំងនគរបាលទូទាំងប្រទេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

12-04-2026 19:55

(ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងឈានមកដល់នាពេលខាងមុខ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ញើសារសាកសួរសុខទុក្ខដោយក្ដីនឹករឭក និងសូមចូលរួមអបអរសាទរប្រកបដោយក្តីសោមនស្សរីករាយ ជាមួយកងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ក្នុងមនោសញ្ចេតនាស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ និងកក់ក្តៅបំផុត។

នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ កងកម្លាំងនគរបាលជាតិ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី អនុវត្តភារកិច្ចស្នូលយ៉ាងខ្ជាប់ខ្ជួន ក្នុងឆន្ទៈមោះមុតមានការប្ដេជ្ញាចិត្ត ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមការពារ ឯករាជ្យ សន្តិភាព ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងបានចាត់វិធានការនានា សំដៅធ្វើឱ្យព្រឹត្តិការណ៍ជាតិ-អន្តរជាតិជាច្រើន ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងមានសុវត្ថិភាពទាំងស្រុង ជាពិសេសការប្រកៀកស្មាយ៉ាងស្វិតស្វាញ ជាមួយកងយោធពលខេមរភូមិន្ទ តស៊ូប្ដូរផ្តាច់ ប្រកបដោយវីរភាពដ៏អង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ក្នុងសមរភូមិមុខ ដើម្បីការពារអធិបតេយ្យជាតិ និងប្រឆាំងការឈ្លានពានបូរណភាពទឹកដី។

ស្នាដៃដ៏ត្រចះត្រចង់ទាំងអស់នេះ បានឆ្លុះបញ្ចាំងអំពីឧត្តមភាព នៃកងកម្លាំងនគរបាលជាតិ ក្នុងការរួមចំណែកលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ នាយឧត្តមសេនីយ៍ ស ថេត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនេះក៏សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងជូនពរដល់មន្ត្រីនគរបាលជាតិ ដែលមានរបួស ឬជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ឬគេហដ្ឋាន សូមឆាប់ជាសះស្បើយដើម្បីវិលត្រឡប់មករួមរស់ជាមួយក្រុមគ្រួសារ និងបានមកបំពេញការងារជូនអង្គភាពវិញ៕