អ្នកតំណាងរាស្ត្រ លោក សោម ចិន អញ្ជើញជាអធិបតីក្នុងការប្រកួតជ្រេីសរើសជើងឯកឆ្នើមដណ្តើមពានរង្វាន់ មុនបុណ្យចូលឆ្នាំរបស់អភិបាលខេត្តកែប

12-04-2026 20:17

(កែប)៖ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងការយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡាពីសំណាក់ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលខេត្តកែប បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប៊ូល ដើម្បីជ្រើសរើសជើងឯកឆ្នើមដណ្តើមពានរង្វាន់ របស់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។

ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅនៅ តំបន់ភ្នំវល្លិ ភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្ត កែប នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ក្រោមវត្តមានរបស់លោក សោម ចិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាប្រធានក្លឹបប៊ូល និងប៉េតង់សន្តិភាព។

ក្រោយបញ្ចប់ការប្រកួតដ៏ស្វិតស្វាញលទ្ធផល ជើងឯកលេខ១ បានទៅលើក្រុមសន្តិភាព១, លេខ២បានទៅលើក្រុមស្រមោចក្រហម, លេខ៣ បានទៅលើក្រុមសន្តិភាព២ និងលេខ៤ បានទៅលើក្រុមសមុទ្រខៀវ។

ថ្លែងនាឱកាសនោះដែរ លោក សោម ចិន ប្រធានក្លឹបកីឡាប៉ូល និងប៉េតង់សន្តិភាព មានប្រសាសន៍ថា ការលេងកីឡា បានជួយបង្កើនសាមគ្គីភាព ការយោគយល់គ្នា និងធ្វើការជាក្រុមក្នុងសង្គម។ បន្ថែមពីនេះ ព្រឹត្តិការណ៍កីឡានាពេលនេះ ក៏បានផ្តល់ឱកាសឱ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋបានជួបជុំគ្នា បង្កើនភាពស្និទ្ធស្នាល និងលេងកីឡាដើម្បីសុខភាព ស្របតាមពាក្យស្លោក «កីឡានាំមកនូវសុខភាព និងសន្តិភាព»។

លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ជ័យជម្នះក្នុងការប្រកួត គឺជាគោលដៅមួយ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការរក្សាបាននូវក្រមសីលធម៌កីឡា ការយោគយល់គ្នា និងការរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងស្មារតីជាគ្រួសារកីឡាករតែមួយ។

លោកបន្តលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ឱ្យងាកមកចាប់អារម្មណ៍ លើការលេងកីឡាឱ្យបានគ្រប់ៗគ្នា ដើម្បីចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗក្នុងសង្គម។

គួររំលឹកថា ការប្រកួតនេះ បានប្រព្រឹត្តិទៅក្នុងបរិយាកាសសប្បាយរីករាយ ខណៈដែលខេត្តកែប បានត្រៀមរួចរាល់ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ៕