អគ្គិសនីកម្ពុជាសហការជាមួយនគរបាលខេត្តបាត់ដំបង វែកមុខចោរឡើងលួចសម្ភារលើបង្គាលអគ្គិសនី នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងស្នើឱ្យដាក់ទោសឱ្យធ្ងន់ធ្ងរបំផុត កុំឱ្យមានជនផ្សេងយកគំរូតាម

12-04-2026 22:12

(បាត់ដំបង)៖ បណ្តាញអគ្គិសនីមានសារៈសំខាន់ណាស់ ក្នុងការបញ្ជូនថាមពលខ្វាត់ខ្វែងពាសពេញផ្ទៃប្រទេស ពីប្រភពផលិតកម្មមាន រោងចក្រធ្យូងថ្ម វារីអគ្គិសនី សូឡាស្ថានីយពន្លឺព្រះអាទិត្យជាដើម មកផ្គត់ផ្គង់ដល់ខ្នងផ្ទះប្រជាពលរដ្ឋសរុបជាង៩៥%។

ខ្សែបញ្ជូនដ៏សំខាន់ទាំងនេះត្រូវរងផលប៉ះពាល់ដោយសារមានជនខិលខូចមួយចំនួនតូច បានលួចដោះដែកខ្វែង សម្ភារខ្សែនេះយកទៅលក់ ដើម្បីសេពគ្រឿងញៀន គ្រឿងស្រវឹងជាដើម ដែលការលួចនេះលក់បានកម្រៃតិចតួចបំផុត ប្រៀបទៅនឹងតម្លៃសម្ភារទាំងនេះ ហើយជាងនេះទៅទៀត បើមានការលួចច្រើនធ្វើឱ្យបាក់រលំបង្គោល នឹងអាចបណ្តាលឱ្យដាច់ភ្លើងទូទាំងប្រទេស ធ្វើឱ្យខាតបង់សេដ្ឋកិច្ចជាតិរាប់សិបលានដុល្លារ ហើយថែមទាំងបង្កគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនរស់នៅតាមក្បែរគន្លងខ្សែបញ្ជូននេះទៀត។

សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ១៣ សរណន ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១១ ស្ដីពីការវិធានការការពារសុវត្ថិភាពមូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្គត់ផ្គង់ក្នុងព្រះរាជណាចក្រកម្ពុជា តម្រូវឱ្យអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំងអស់ជួយអគ្គិសនីកម្ពុជាក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងចាប់ដាក់ទោសយ៉ាងធ្ងន់ធ្ងរទៅលើអ្នកលួច និងអ្នកទិញសម្ភារអគ្គិសនី។ ដើម្បីបង្កើនការប្រុងប្រយ័ត្ន បន្ថយសកម្មភាពចោរកម្មទាំងនេះ អគ្គិសនីកម្ពុជាបានបង្កើនក្រុមល្បាតព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសកងកម្លាំងនគរបាល ដើម្បីតាមដានស្វែងចាប់ជនទាំងនោះមកដាក់ទោស។

ជាក់ស្តែងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្រុមល្បាត និងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានវែកមុខចាប់បានជនខិលខូចដែលលួចមានឈ្មោះ លឿម តុលា ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង រួមទាំងភស្តុតាងលួចសម្ភារលើបង្គោល និងបានទទួលសារភាព ដែលអគ្គិសនីកំពុងធ្វើនីតិវិធីច្បាប់ដើម្បីដាក់ទោសឱ្យធ្ងន់ធ្ងរ ឱ្យរាងចាល និងកុំឱ្យមានជនណាផ្សេងយកគំរូតាម។

អគ្គិសនីកម្ពុជាបានបញ្ជាក់ថា នឹងមិនលើកលែងទោសឱ្យជនខិលខូចរូបនេះឡើយ ព្រមទាំងជនណាបានលួច និងទិញសម្ភារបណ្តាញអគ្គិសនីដែលជាការបង្កហានិភ័យធ្ងន់ធ្ងរឡើយដល់សង្គមជាតិ ក៏ដូចបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរគន្លងខ្សែ បើមានការបាក់រលំ។

ជាមួយគ្នាអគ្គិសនីកម្ពុជា សូមអរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋដែលបានជួយមើលការខុសត្រូវ និងជាពិសេសជូនដំណឹងមកភ្នាក់ងារអគ្គិសនី និងអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ដើម្បីទៅចាប់បានជនខិលខូចទាំងនោះ។

អគ្គិសនីកម្ពុជា ក៏សូមអំពាវនាវដល់បងប្អូនទាំងអស់មេត្តាចូលរួមជួយថែរក្សាបណ្តាញអគ្គិសនីជាតិ ហើយជាពិសេសបងប្អូនដែលរស់តាមគន្លងខ្សែបញ្ជូន បើឃើញមានជនណាឡើងបង្គោល ឬលួចដែកខ្វែង សម្ភារលើបង្គោល សូមមេត្តារាយការណ៍បន្ទាន់មកអគ្គិសនីកម្ពុជា តាមរយៈលេខទូរស័ព្ទ ១២៩៨ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីចាប់ខ្លួនជនខិលខូចទាំងនេះ ដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ដល់សង្គមជាតិ និងក្រុមគ្រួសារ-ផ្ទះយើងផ្ទាល់៕