អ្នកជំនាញជាតិ និងអន្តរជាតិ ពិភាក្សាពីយុទ្ធសាស្ត្រអនាគតដើម្បីបង្កើនភាពប្រកួតប្រជែងនិងភាពធន់ ផ្នែកពាណិជ្ជកម្មរបស់កម្ពុជា

12-04-2026 22:44

(ភ្នំពេញ)៖ គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) សមាគមសេដ្ឋកិច្ចកម្ពុជា (ស.ស.ក.) និងមូលនិធិខុនរ៉ាដអាឌិនហៅអ៊ែរ (KAS កម្ពុជា) បានសហការរៀបចំ វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ជាលើកដំបូង ក្រោមមូលបទ «ការកែសម្រួលយុទ្ធសាស្ត្ររបស់រដ្ឋតូចៗ ក្នុងប រិបទនៃវិបត្តិពាណិជ្ជកម្មសកល»

វេទិកានេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ដោយផ្តោតលើកាវិភាគអំពីការបែកបាក់កាន់តែ ធ្ងន់ធ្ងរនៃប្រព័ន្ធពាណិជ្ជកម្មសកល ស្វែងយល់ពីយុទ្ធសាស្ត្រអនាគតដើម្បីបង្កើនភាពប្រកួតប្រជែងនិងភាពធន់ ផ្នែកពាណិជ្ជកម្មរបស់កម្ពុជា និងពិភាក្សាអំពីបញ្ហាប្រឈមនៃរចនាសម្ព័ន្ធ ក្នុងបរិបទដែលកម្ពុជាកំពុងត្រៀមខ្លួន ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។

វេទិកានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា រួមមាន ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និង លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ។ ទន្ទឹមនឹងនេះ ក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់ពីក្រសួង និងស្ថាប័នសំខាន់ៗ រួមមាន ខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែនិងថាមពល ក្រសួងបរិស្ថាន អាជ្ញាធរកំពង់ផែស្វយ័តក្រុងព្រះសីហនុ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រុមប្រឹក្សាអ្នកច្បាប់ គណៈ កម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងតំណាងមកពីព្រឹទ្ធសភា និង រដ្ឋសភា។ តំណាងអង្គទូតប្រចាំនៅរាជធានីភ្នំពេញក៏បានអញ្ជើញចូលរួមផងដែរ រួមមាន លោក Pengiran Kasmirhan Bin Pengiran Haji Tahir ឯកអគ្គរាជទូតនៃប្រទេសប្រ៊ុយណេ លោក Christian DeRoch ឯកអគ្គរដ្ឋទូតនៃប្រទេសកាណាដា លោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតនៃប្រទេសឡាវ លោក Kyaw Soe Min ឯកអគ្គរដ្ឋទូតនៃប្រទេសមីយ៉ាន់ម៉ា លោក Shaharuddin Onn ឯកអគ្គរដ្ឋទូតនៃប្រទេសម៉ាឡេស៊ី លោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតនៃប្រទេសសិង្ហបុរី និងតំណាងមកពីស្ថានទូត អូស្ត្រាលី សហរដ្ឋ អាមេរិក វៀតណាម និងគណៈប្រតិភូសហភាពអឺរ៉ុប។

លោកស្រី Natalie Russmann តំណាងប្រចាំប្រទេសកម្ពុជា និងម៉ាឡេស៊ី នៃមូលនិធិ KAS កម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរយៈពេលវែងរបស់របស់មូលនិធិនេះ ក្នុង ការគាំទ្រដល់អភិបាលកិច្ចប្រជាធិបតេយ្យ នវានុវត្តន៍សេដ្ឋកិច្ច និងកិច្ចការពហុភាគីនៅកម្ពុជា ចាប់តាំងពីការបង្កើត ឡើងក្នុងឆ្នាំ១៩៩៤។ លោកស្រី ក៏បានសង្កត់ធ្ងន់អំពីភាពចាំបាច់សម្រាប់រដ្ឋតូចៗ និងរដ្ឋកំពុងអភិវឌ្ឍន៍ ដើម្បីគិត ឡើងវិញរួមគ្នាអំពីយុទ្ធសាស្រ្តពាណិជ្ជកម្ម នៅក្នុងបរិបទសកលលោកដែលកំពុងមានភាពមិនប្រាកដប្រជាកាន់តែ ខ្លាំងឡើង។

លោកស្រីបន្តថា វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ នេះ មានអត្ថន័យជាពិសេស ដោយសារនេះជាវេទិកាចុងក្រោយ បង្អស់របស់មូលនិធិ KAS កម្ពុជា ស្របពេលដែលមូលនិធិនេះគ្រោងនឹងបញ្ចប់បេសកកម្មជាផ្លូវការរបស់ខ្លួននៅចុង ឆ្នាំ២០២៦ បន្ទាប់ពីបានឈរជើងក្នុងនាមជាដៃគូអភិវឌ្ឍន៍យ៉ាងជិតស្និទ្ធអស់រយៈពេល ៣២ឆ្នាំ។

លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (វិស័យ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) ប្រធាន គ.ផ.គ.ព. និងជាប្រធានស្ថាបនិក ស.ស.ក. បានវាយតម្លៃស៊ីជម្រៅអំពីការធ្លាក់ចុះនៃទិដ្ឋភាពពាណិជ្ជកម្មពហុភាគី។ លោកបណ្ឌិតសភាចារ្យបានលើកឡើងជាពិសេសអំពីសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ នៃអង្គការពាណិជ្ជកម្មពិភពលោក (MC14) ដែល បានបញ្ចប់ទៅដោយគ្មានសេចក្តីប្រកាសថ្នាក់រដ្ឋមន្ត្រី ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីភាពមិនប្រក្រតីនៃប្រព័ន្ធ គ្រប់គ្រងពាណិជ្ជកម្មសកល។

ក្នុងបរិបទនេះ បណ្ឌិតសភាចារ្យ បានជំរុញឱ្យកម្ពុជាកុំចាត់ទុកវិបត្តិនេះជា ឧបសគ្គ ប៉ុន្តែជាកាតាលីករសម្រាប់ការកែទម្រង់យុទ្ធសាស្ត្រឡើងវិញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ពង្រឹងភាពជា ដៃគូតំបន់ និងវិនិយោគលើសមត្ថភាពឧស្សាហកម្មក្នុងស្រុក ដោយភាពច្បាស់លាស់ ភាពធន់ និងការតាំងចិត្ត។

វេទិកានេះ ត្រូវបានបែងចែកជា ៣វគ្គសំខាន់ៗ ដែលក្នុងនោះ លោកបណ្ឌិតសភាចារ្យ បានធ្វើជាអ្នកសម្រប សម្រួលនៅក្នុងកិច្ចប្រជុំតុមូលថ្នាក់ដឹកនាំស្តីពី «ពហុភាគីនិយម និងតំបន់និយម៖ បម្រែបម្រួលប្រព័ន្ធពាណិជ្ជកម្ម អន្តរជាតិដែលមានមូលដ្ឋានលើច្បាប់» និងមានការចូលរួមដោយ លោក សុខ ចិន្តាសោភា លោកស្រី Tania Meyer នាយិកាប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា លោកស្រី Yasmin Siddiqi នាយិកាប្រចាំ ប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំនៅកម្ពុជា លោក សុខ ណារិន តំណាងប្រចាំប្រទេសកម្ពុជា នៃអង្គការ អភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ និង អ្នកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមហ៊ុន World Bridge Group និង ជាសមាជិក គ.ផ.គ.ព.។ កិច្ចពិភាក្សាបានផ្តោតលើយុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា បន្ទាប់ពីកម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដែលអាចមានបញ្ហាប្រឈមជាច្រើន រួមទាំងការបាត់បង់ការ មិនគិតពន្ធនាំចេញសម្លៀកបំពាក់ និងមុខទំនិញសំខាន់ៗផ្សេងទៀតទៅសហភាពអឺរ៉ុប រួមទាំងគម្លាតធនធាន មនុស្ស ថ្លៃដឹកជញ្ជូនខ្ពស់ និងការបិទព្រំដែនរបស់ប្រទេសថៃ ដែលរំខានដល់ពាណិជ្ជកម្មទ្វេភាគី។ កិច្ចប្រជុំនេះបាន ឯកភាពគ្នា ដោយអំពាវនាវឱ្យមានកំណែទម្រង់រចនាសម្ព័ន្ធជាបន្ទាន់ក្នុងផលិតភាព ការអភិវឌ្ឍជំនាញ និងការផ្លាស់ ប្តូរ ថាមពល ដោយទាញយកអត្ថប្រយោជន៍ពីអគ្គិសនីកកើតឡើងវិញរបស់កម្ពុជា ក៏ដូចជាការសន្ទនាជាមួយវិស័យ ឯកជនកាន់តែស៊ីជម្រៅ ដើម្បីកសាងភាពធន់ និងក្តាប់យកសក្តានុពលប្រជាសាស្ត្ររបស់កម្ពុជា។

កិច្ចពិភាក្សាលើកទី១ ស្តីពី «ការការពារហានិភ័យជាយុទ្ធសាស្ត្រ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច៖ របៀបដែលរដ្ឋតូចៗ អាចរីកចម្រើនក្នុងយុគសម័យនៃការបែកបាក់ពាណិជ្ជកម្ម» ត្រូវបានសម្របសម្រួលដោយ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង និងជាប្រធានក្រុមប្រឹក្សានៃរដ្ឋសភា និងមានការចូលរួមពី លោកសាស្ត្រាចារ្យបណ្ឌិត Shandre Mugan Thangavelu ប្រធានវិទ្យាស្ថាន Jeffrey Cheah សម្រាប់អាស៊ីអាគ្នេយ៍ លោកបណ្ឌិត Bradley Jenson Murg សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យអន្តរជាតិជារ៉ាហ្គន លោក Julian Clarke អ្នកឯកទេស ជាន់ខ្ពស់ផ្នែកសមាហរណកម្ម និងសហប្រតិបត្តិការតំបន់នៃធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី អ៊ីវឯក នឹមនួន ឧបការី អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កម្ពុជា និង លោក Casey Barnett នាយកវិទ្យាស្ថានខេម អេដ។ កិច្ចពិភាក្សាបានផ្តោតលើពិនិត្យមើលការការពារហានិភ័យជាយុទ្ធសាស្ត្រតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការវិ និយោគ ឧស្សាហកម្មសំខាន់ៗ និងធនធានមនុស្ស។ កិច្ចពិភាក្សានេះក៏បានកំណត់អំពីការពឹងផ្អែកខ្លាំងតាមតំបន់ជាយក្រុងធំៗ និងគោលនយោបាយឧស្សាហកម្មសម្រាប់កំណើនឌីជីថល និងបៃតងមុនពេលចាកចេញពី ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

នៅក្នុងកិច្ចពិភាក្សាលើកទី២ ស្តីពី «ការទូតពហុភាគីរបស់កម្ពុជា គឺជាឧបករណ៍នៃការធ្វើពិពិធកម្មសេដ្ឋកិច្ច» គឺមាន ការសម្របសម្រួលដោយ លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃវិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា (CDRI) និងមានការចូលរួមដោយ លោកបណ្ឌិត ជិនបូរាណ ច័ន្ទបូរី អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកបណ្ឌិត សរ សិនីរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកបណ្ឌិត ខេន លូ អគ្គលេខាធិការនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅកម្ពុជា និង លោកបណ្ឌិត អ៊ុំ សុធា ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់នៃកម្មវិធី CAPRED។ នៅក្នុងវគ្គទី២នេះគឺ បានពិភាក្សាស្វែងយល់អំពីការប្រើប្រាស់ការទូតពហុភាគីរបស់កម្ពុជាសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចដើម្បីចូលទៅកាន់ទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មអាសិប និងកិច្ចព្រមព្រៀងទូលំទូលាយសម្រាប់ភាពជាដៃគូអន្តរ ប៉ាស៊ីហ្វិក (CP-TPP) ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យគ្រឿងអេឡិចត្រូនិចនិងការកែច្នៃកសិ-ឧស្សាហកម្ម និងការធ្វើមូលដ្ឋានីយកម្មខ្សែសង្វាក់តម្លៃសម្លៀកបំពាក់។ ក្នុងការណ៍នេះ កិច្ចពិភាក្សាបានអំពាវនាវឱ្យ មានកំណែទម្រង់ស្ថាប័នផ្នែកអំណាច ស្វ័យភាព ការទទួលខុសត្រូវ និងភាពរហ័សរហួន បូករួមទាំងការអភិវឌ្ឍ ជំនាញ ដើម្បីកសាងភាពធន់ក្នុងបរិបទពហុភាគីដែលកំពុងធ្លាក់ចុះ៕