សាខា ក.ប.ប. ខេត្តកណ្ដាល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទំនិញនៅតាមផ្សារនានាក្នុងក្រុងតាខ្មៅ មុនពេលថ្ងៃចូលឆ្នាំថ្មី

13-04-2026 11:03

(កណ្ដាល)៖ សាខាការ​ពារ​អ្នក​ប្រើ​ប្រាស់ កិច្ច​ការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ (ក.ប.ប) ខេត្តកណ្ដាល បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទំនិញនៅផ្សារនានាក្នុងក្រុងតាខ្មៅមុនពេលថ្ងៃចូលឆ្នាំមកដល់ ដោយបានត្រួតពិនិត្យ តូបលក់ទំនិញចំនួន ១១ទីតាំង និង ផ្ទះលក់ទំនិញចំនួន ០៤ទីតាំង។

លោក ប្រាក់ ករុណា ប្រធានសាខា ក.ប.ប. ខេត្តកណ្ដាល បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ថា ការចុះពិនិត្យនេះ ដើម្បីពិនិត្យមើលទៅលើគុណភាពទំនិញ ដើម្បីធានាសុវត្ថិភាពសម្រាប់ពលរដ្ឋទទួលទាន ។ មន្ត្រីបានធ្វើតេស្តបឋមដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ផ្សេងៗលើសំណាកគំរូ ចំនួន៧ សំណាកគំរូ ដូចជា៖ ស្ករត្នោត ០១គំរូ, សណ្តែកបណ្តុះ ០១គំរូ, សរសៃគុយទាវ ០១គំរូ, ប្រហិតសាច់គោ ០១គំរូ, មឹក ០១គំរូ, ជ្រក់ស្ពៃ ០១គំរូ និg ខ្ញីហាន់ ០១គំរូ។ ជាលទ្ធផល មន្ត្រីជំនាញរកពុំឃើញទំនិញដែល គ្មានអនុលោមភាព ហួសកាលបរិច្ឆេទប្រើប្រាស់ រំលោភបំពានសិទ្ធិផ្តាច់មុខ និងសារធាតុគីមីហាមឃាត់ ណាមួយនោះទេ។

លោកបានអះអាងថា ជាមួយគ្នានេះដែរ មន្ត្រីជំនាញក៏បានចែក Poster ផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារជូនអាជីវករ និងបន្តអប់រំណែនាំដល់អាជីវករ នៃផ្សារខាងលើនេះ ធ្វើយ៉ាងប្រកបអាជីវកម្មឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍អនាម័យ ច្បាប់ និងបទប្បបញ្ញត្តិពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារជាធរមាន៕