អភិបាលស្រុកស្ទោង ណែនាំអាចារ្យគណៈកម្មការ និងគ្រូចៅអធិការវត្ត ត្រូវធ្វើផែនការនិងប្លង់មេឱ្យបានច្បាស់លាស់ សម្រាប់អភិវឌ្ឍវត្តខ្លួនប្រកបដោយរចនាសម្ព័ន្ធ និងសោភ័ណភាព

13-04-2026 14:13

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់លោកអាចារ្យគណៈកម្មការ និងគ្រូចៅអធិការវត្តត្រូវធ្វើផែនការនិងប្លង់មេឱ្យបានច្បាស់លាស់ សម្រាប់អភិវឌ្ឍវត្តរបស់ខ្លួន ប្រកបដោយរចនាសម្ព័ន្ធ និងសោភ័ណភាព។

លោក សាយ គឹមឡម បានថ្លែងក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់នូវឧបដ្ឋានសាលា និងស្រះទឹកនៅក្នុងវត្តបន្ទាយស្ទោង ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។

លោកបានកោតសើរខ្ពស់នូវស្មារតីរួបរួមសាមគ្គីសហការគ្នា លះបង់អស់ពីកម្លាំងកាយចិត្តនិងទ្រព្យធនរបស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ជាពិសេសព្រះគ្រូចៅអធិការលោកអាចារ្យគណៈកម្មការ ដែលបានដឹកនាំដែលកសាងបាននូវសមិទ្ធផលមិនអាចកាត់ថ្លៃបានទុកជាសម្បត្តិរួមនៅក្នុងវត្ត និងពុទ្ធសាសនាជាពិសេស អាចប្រើប្រាស់បានយ៉ាងទូលំទូលាយ និងតាមតម្រូវការយ៉ាងជាក់ស្ដែងបំផុត ហើយបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍមូលដ្ឋាន និងប្រទេសជាតិ។

លោកបានណែនាំដល់ អាជ្ញាធរមូលដ្ឋានជាពិសេសឪពុកម្ដាយអាណាព្យាបាលត្រូវធ្វើការអប់រំណនាំកូនចៅប្រកបដោយគន្លងធម៌ ព្រមទាំងបញ្ជូនទៅសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់រហូតដល់សាលាវិជ្ជាជីវៈជីវៈ ឬសាកលវិទ្យាល័យ តាមបរិបទនៃវិទ្យាសាស្រ្តនិងសង្គមឌីជីថលថែមទៀតផង ព្រោះមានតែចំណេះវិជ្ជាទេដែលអាចធ្វើការផ្លាស់ប្ដូរនិងកំណត់ជោគវាសនាអនាគតរបស់យើងម្នាក់ៗឱ្យបានល្អប្រសើរឡើង។

លោក សាយ គឹមឡម អំពាវនាវដល់យុវជនត្រូវកម្សាន្តសប្បាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រកបដោយទំនួលខុសត្រូវ ព្រមទាំងបើកបរបញ្ជាយានយន្តដោយមានការប្រុងប្រយ័ត្នខ្ពស់ ហើយគោរពច្បាប់ចរាចរណ៍ និងមានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរលោក សាយ គឹមឡម និងសហការីបានចូលរួមបុណ្យនូវបច្ច័យចំនួន ១,២០០,០០០រៀល ហើយស្រះទឹកនេះមានទំហំ៤០ម៉ែត្របួនជ្រុង ជាការធ្វើរួមរបស់ពុទ្ធបរិស័ទ ចំណែកឧបដ្ឋានសាលា មានទំហំ១០ គុណ១៣ម៉ែត្រ ជាអំណោយ លោក ថាំង វីយុទ្ធដា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង៕