នគរសង្រ្កានដែលរៀបចំឡើងរយៈពេល៦ថ្ងៃ នៅរាជធានីភ្នំពេញ មានកម្មវិធីនិងសកម្មភាពពិសេសៗអ្វីខ្លះ?
13-04-2026 15:31
(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានរៀបចំ«នគរសង្រ្កាន» នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ និងចូលរួមចំណែកក្នុងការលើកតម្កើងអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលដូនតាបានបន្សល់ទុក ក្នុងស្មារតីបន្តថែរក្សា ការពារឱ្យបានគង់វង្ស។
លើសពីនេះទៅទៀតកម្មវិធីនេះ រៀបចំឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលរួមលេងកម្សាន្តឱ្យបានច្រើនកុះករ។ បន្ថែមពីនេះការរៀបចំកម្មវិធីនេះឡើង បន្តរួបរួមគ្នាជាធ្លង់មួយបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល និងវីរកងកម្លាំងជួរមុខ ដោយថវិកាដែលទទួលបានពីលក់ Mascot និងផ្នែកនៃចំណូលពីការលក់ស្តង់នឹងបរិច្ចាគជូនទៅបងប្អូនភៀសសឹក និងវីរកងកម្លាំងជួរមុខ។
លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍នគរសង្រ្កាន្ត បានឱ្យដឹងថា នគរសង្រ្កានដែលរៀបចំឡើងនៅរាជធានីភ្នំពេញ មានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ក្នុងរយៈពល៦ថ្ងៃនេះ មានកម្មវិធី និងសកម្មភាពជាច្រើន សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ចូលរួមលេងកម្សាន្ត។
នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ដែលជាថ្ងៃដំបូងនៃព្រឹត្តិការនេះ នឹងមានរៀបចំសកម្មភាពរួមមាន ពិធីទទួលទេវតា ចាប់ពីវេលាម៉ោង៩ព្រឹក, ការរាំវង់ជុំញាតិ និងការសម្តែងល្ខោនក្បាច់បុរាណ«ព្រះទេវីចម្បាំង)នៅភូមិវប្បធម៌ចាប់ពីម៉ោង៥ល្ងាច និងកម្មវិធីទាញព្រ័ត្រមិត្តភាពនគរសង្រ្កាន នៅផ្លូវថ្មើជើងចតុមុខ ចាប់ពីម៉ោង៦ល្ងាច។
ចំណែកនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានរៀបចំពិធីទៅវត្ត និងវាលុកចេតិយ(ពូនភ្នំក្បាច់) នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ នៅម៉ោង៩ព្រឹក ,ក្បួនដង្ហែ«នគរសង្រ្កាន» នៅផ្លូវថ្មើជើងចតុមុខ ចាប់ពីម៉ោង៦ល្ងាច , ការសម្តែងល្ខោនយីគេ «អ្នកតាមឃ្លាំងមឿង» នៅភូមិវប្បធម៌ ចាប់ពីម៉ោង៦និង៣០នាទីតទៅ
សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នឹងមានរៀបចំពិធីដង្ហែព្រះពុទ្ធប្បដិមា និងស្រង់ព្រះ ដោយដង្ហែចេញពីវត្តឧណ្ណាលោម មករមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ចាប់ពីម៉ោង១រសៀល, មានការសម្តែងយុទ្ធគុនចម្រុះខ្មែរបុរាណ នៅផ្លូវថ្មើជើង ចាប់ពីម៉ោង៦ល្ងាច និងការសម្តែងល្ខោនស្រមោលស្បែកធំ «ចម្បាំងឥន្រ្តជិត» នៅភូមិវប្បធម៌ ចាប់ពីម៉ោង៦និង៣០នាទីតទៅ។
រីឯថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ មានការសម្តែងយុទ្ធគុនចម្រុះខ្មែរបុរាណ នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ចាប់ពីម៉ោង៦និង៣០នាទីតទៅ ,ការសម្តែងល្ខោនអាប៉េ«ព្រះច័ន្ធគោរព» នៅភូមិវប្បធម៌ ចាប់ពីម៉ោង៦និង៣០នាទីតទៅ និង ចាប់ពី៦ល្ងាចតទៅ មានកម្មវិធីរាំវង់ជុំញាតិ នៅផ្លូវថ្មើជើងចតុមុខ។
សម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង៤រសៀល មានការជួបជុំលេងល្បែងប្រជាប្រិយជុំវិញវត្តភ្នំ នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ, ក្បួនដង្ហែ«នគរសង្រ្កាន» នៅផ្លូវថ្មើជើងចតុមុខ ចាប់ពីម៉ោង៦ល្ងាច និងចាប់ពីម៉ោង៦និង៣០នាទី និងមានការសម្តែងតន្ត្រីសំឡេងស្រាល នៅភូមិវប្បធម៌។
សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ មានកម្មវិធីប្រកួតអុកយក្ស«វគ្គផ្តាច់ព្រ័ត្រ» នៅភូមិវប្បធម៌ ចាប់ពីម៉ោង៦និង៣០នាទីល្ងាច ,រាំវង់ជុំញាតិ នៅបរិវេណមុខផ្សាររាត្រីចាប់ពីម៉ោង៨យប់ និងការសម្តែងល្ខោនបាសាក់«តេជោយ៉ត»នៅភូមិវប្បធម៌ ចាប់ពីម៉ោង៦និង៣០នាទី។
លោក សុខ សប្បាយណា បានបញ្ជាក់ថា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្ត សាលារាជធានីភ្នំពេញ បានរៀបចំចំណតឡាន និងម៉ូតូសាធារណៈ ជាច្រើនទីតាំង សម្រាប់ប្រជាពលរដ្ឋក្នុងតម្លៃ១០០០រៀលសម្រាប់ម៉ូតូ និង២០០០រៀលសម្រាប់ឡាន រួមនឹងចំណតឯកជនមួយចំនួនទៀត៕




























