សហភាពសហព័ន្ធយុវជនកម្ពុជា បន្តរួបរួមគ្នាជាធ្លង់មួយ​ជួយដល់វីរៈកងទ័ព និងជនភៀសសឹក តាមរយៈការរៀបចំសកម្មភាព និងយុទ្ធនាការនានា

13-04-2026 15:33

(ភ្នំពេញ)៖ ក្រោមពាក្យស្លោក «ស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹកគ្រប់វេលា​»​ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បន្តរួបរួមគ្នាជាធ្លង់មួយបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល និងវីរកងកម្លាំងជួរមុខ តាមរយៈសកម្មភាព និងយុទ្ធនាការនានា ដើម្បីជួយដល់វីរៈកងទ័ព និងជនភៀសសឹក។​

លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍​នគរសង្រ្កាន្ត ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រោមអនុសាសន៍ណែនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យការរៀបចំនគរសង្រ្កានត្រូវផ្សារភ្ជាប់ជាមួយនឹងវីរកងកម្លាំងជួរមុខ។ លោកបញ្ជាក់ថា ​ក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងរងការយាយីពីប្រទេសជិតខាង ​ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តបង្ហាញការគាំទ្រក្រោមរូបភាពជាច្រើន ដូចជា៖

១- ការរៀបចំពិធីជួបជុំអបអរពិធីបុណ្យចូលឆ្នាំថ្មីនៅតាមបណ្តាជំរំជនភៀសសឹក ចំនួន ១២ទីតាំង ក្នុង ៥ខេត្ត
២- យុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ»
៣- ការរៀបចំ និងវេចខ្ចប់នំខ្ញី និងអំបុក បង្កប់នូវក្ដីស្រឡាញ់ និងការដឹងគុណដល់វីរកងកម្លាំងជួរមុខ
៤- ការបរិច្ចាគប្រាក់ចំណេញទាំងអស់ពីការលក់ Mascot និងផ្នែកនៃចំណូលពីការលក់ស្តង់នឹងជូនទៅបងប្អូនភៀសសឹក
៥- ការបរិច្ចាគប្រាក់ចំណេញពីការលក់បន្តោងសោររូបកងកម្លាំង
៦- បន្ថែមពីនេះការរៀបចំការរចនាខ្លោងទ្វារ អាវក្រុមការងារនិងយុវជនស្ម័គ្រចិត្ត និង Poster ដើម្បីគាំទ្រដល់វីរៈកងកម្លាំងជួរមុខ និងជនភៀសសឹក
៧- ការសហការជាមួយវិស័យឯកជនក្នុងការចូលរួមបរិច្ចាគដល់បងប្អូនជនភៀសសឹក។

ទន្ទឹមគ្នានេះ ដោយមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋជនរួមជាតិពីគ្រប់ទិសទី​ សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំទីតាំងបរិច្ចាគ ដែល​បងប្អូនប្រជាពលរដ្ឋ អាចបន្តនាំយកថវិកា សម្ភារនានាបញ្ជូនទៅជួរមុខជាបន្តបន្ទាប់។ ទីតាំងសម្រាប់បរិច្ចាគ ចំនួន ៣ទីតាំង រួមមាន៖ ស្តង់ព័ត៌មាន នៅក្នុងបរិវេណរូបសំណាក់លោកយាយពេញ,ស្តង់ព័ត៌មាន នៅបរិវេណមុខវត្តឧណ្ណាឡោម និងក្នុងភូមិវប្បធម៌។

លោក បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមមកកម្សាន្តព្រឹត្តការណ៍នគរសង្រ្កាន្ត​ បានទាំងថែរក្សាមរតកវប្បធម៌ដូនតា បានទាំងបង្ហាញការគាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក​៕