កម្មករ កម្មការិនីនៅតាមរោងចក្រសហគ្រាស រៀបចំ «ការលេងល្បែងប្រជាប្រិយ អាហារសាមគ្គី និងការរាំកម្សាន្តយ៉ាងរីករាយ» ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
13-04-2026 15:39
(ភ្នំពេញ)៖ កម្មករ កម្មការិនី តាមរោងចក្រសហគ្រាសទូទាំងប្រទេស បានលេងល្បែងប្រជាប្រិយ និងរាំកម្សាន្ត និងកម្មវិធីកម្សាន្តផ្សេងៗទៀត យ៉ាងសប្បាយរីករាយនៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលបងប្អូនកម្មករនិយោជិតនឹងទទួលបានការឈប់សម្រាកក្នុងឱកាសឆ្នាំថ្មី។
ក្នុងនោះសហគ្រាស វីនណាស ហ្គាមេន ឯ.ក ដែលមានអាសយដ្ឋាននៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានសកម្មភាពអាជីវកម្មក្នុងផ្នែកកាត់ដេរសម្លៀកបំពាក់ ក៏បានផ្តល់ឱកាសឱ្យបងប្អូនកម្មករនិយោជិត រាំលេងកំសាន្ត លេងល្បែងប្រជាប្រិយ និងការចាប់រង្វាន់លើកទឹកចិត្តជូនបងប្អូនកម្មករ រួមទាំងកម្មវិធីផ្សេងៗទៀតយ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ទន្ទឹមនេះ សហគ្រាស ស្តារឡៃថ៍ អឹភែរឹល មេនូហ្វេកឆឺរីង ដែលមានអាសយដ្ឋាននៅ ភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលដែលមានសកម្មភាពអាជីវកម្មកាត់ដេរ ក៏បានផ្តល់ឱកាស និងបង្កភាពរីករាយជូនបងប្អូនកម្មករនិយោជិត លេងល្បែងប្រជាប្រិយ រាំកម្សាន្ត ហូបអាហារសាមគ្គី និងកម្មវិធីផ្សេងៗទៀតយ៉ាងអធិកអធមក្នុងពេលមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។
ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា បងប្អូនកម្មករបានចូលរួមអបអរពិធីបុណ្យចូលឆ្នាំយ៉ាងសប្បាយរីករាយ រវាងបងប្អូនកម្មករនិយោជិត និងរវាងផ្នែករដ្ឋបាល និងតំណាងនិយោជកដែលបានរឹតចំណងមិត្តភាព និងបង្កើនភាពជិតស្និទ្ធមុនឱកាសឆ្នាំថ្មី។
លោក ស៊ុន មេសា បានបញ្ជាក់ថា៖ «សកម្មភាពទាំងនេះ គឺជាការបង្ហាញពីភាពសុខដុម និងភាពរីកចម្រើនដ៏ល្អប្រសើរក្នុងរោងចក្រសហគ្រាសនៅកម្ពុជា»។
បើតាមអ្នកនាំពាក្យរូបនេះ រោងចក្រសហគ្រាសនៅកម្ពុជាក្នុងវិស័យកាត់ដេរប្រមាណជាង៧៥% បានរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយ ការរាំកម្សាន្ត ការហូបអាហារសាមគ្គី និងកម្មវិធីផ្សេងៗទៀតយ៉ាងសប្បាយរីករាយក្នុងឱកាសមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ៕










