សួនសិល្បៈក្រុងបាត់ដំបង ត្រូវបើកឱ្យដំណើរការជាបណ្តោះអាសន្ន ដើម្បីអបអរសាទរព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៦

13-04-2026 16:15

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកស្បៃរូបសំណាកសិល្បករ និងកវីនិពន្ធនៅបរិវេណសួនសិល្បៈ ក្រុងបាត់ដំបង ដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ដើម្បីអបអរសាទរព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៦ ព្រមទាំងផ្ដល់ឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត និងបានស្គាល់ពីសិល្បករ និងកវីនិពន្ធជំនាន់មុនដែ
លមានដើមកំណើតនៅខេត្តបាត់ដំបង។

សូមជម្រាបថា បាត់ដំបងគឺជាខេត្តដ៏ចំណាស់ប្រមូលផ្ដុំទៅដោយសិល្បៈវប្បធម៌ដ៏សំបូរបែប ដូច្នេះដើម្បីចូលរួមលើកកម្ពស់ដល់កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្តឱ្យកាន់តែច្រើនឡើងរដ្ឋបាលខេត្តបាត់ដំបង ក្រោមគំនិតផ្តួចផ្តើមពីលោក សុខ លូ អភិបាលខេត្ត បានរៀបចំស្ថាបនាសួនសិល្បៈ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយដងស្ទឹងសង្កែ ត្រើយខាងលិច រ៉បតាមបណ្ដោយផ្លូវលេខ១ ចាប់ពីគល់ស្ពានថ្មសម្តេចក្រឡាហោម ស ខេង ដល់ស្ពានសោហឺ ឬស្ពានថ្មថ្មី នៃក្រុងបាត់ដំបង។

ការអភិវឌ្ឍសួនសិល្បៈនេះ នឹងធ្វើឱ្យក្រុងបាត់ដំបង កាន់តែមានសោភ័ណភាព ក៏ដូចជាភាពទាក់ទាញជាមួយនឹងបរិបទនៃដងស្ទឹងសង្កែ ដែលជាដងស្ទឹងមានកេរិ៍្តឈ្មោះបោះសំឡេងល្បីល្បាញនៅក្នុងទឹកដីនៃខេត្តបាត់ដំបង។

សូមបញ្ជាក់ថា គោលបំណងសំខាន់នៃការបង្កើតសួនសិល្បៈ គឺដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់ខេត្ត និងបង្កើនការទាក់ទាញភ្ញៀវទេសចរមកទស្សនាតាមបណ្តាទីតាំងទេសចរណ៍សំខាន់ៗក្នុងខេត្ត ក្នុងនោះក៏មានការបង្ហាញសិល្បៈ វប្ប
ធម៌ដ៏សំបូរបែបរបស់ខេត្តបាត់ដំបង។

រូបសំណាកអតីតសិល្បករ សិល្បការិនី កវីនិពន្ធ អ្នកចម្រៀងជំនាន់ដើម ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយមានដើមកំណើតនៅខេត្តបាត់ដំបង ត្រូវបានដាក់តាំងបង្ហាញនៅក្នុងបរិវេណសួនសិល្បៈនេះ ក្នុងនោះក៏រូបសំណាក អធិរា
ជសំឡេងមាស ស៊ិន ស៊ីសាមុត មួយដែរ បើទោះបីជាលោកមិនមានដើមកំណើតនៅខេត្តបាត់ដំបងក្តី ប៉ុន្តែ លោកបានច្រៀ
ងបទចម្រៀងពីខេត្តបាត់ដំបងជាច្រើនដែលបានរួមចំណែកបង្កើតភាពល្បីល្បាញរបស់ខេត្តបាត់ដំបង៕