មន្ទីរសាធារណការ ខេត្តព្រះវិហារ ចុះផ្សព្វផ្សាយ និងចែកសេចក្តីអំពាវនាវការពារគ្រោះថ្នាក់ចរាចរណ៍ នៅតាមទីតាំងសំខាន់ៗក្នុងក្រុងព្រះវិហារ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី
13-04-2026 16:29
(ព្រះវិហារ)៖ ក្រុមការងារសុវត្ថិភាពចរាចរណ៍នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ បានចុះផ្សព្វផ្សាយ និងចែកសេចក្ដីអំពាវនាវស្ដីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ នៅតាមទីតាំងសំខាន់ៗក្នុងក្រុងព្រះវិហារ។
សកម្មភាពនេះ គឺយោងទៅតាមការណែនាំពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងពញាក់ស្មារតីដល់ប្រជាពលរដ្ឋ និងអ្នកបើកបរយានយន្តទាំងអស់ ឲ្យចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ដែលជារដូវកាលមានចរាចរណ៍កើនឡើងយ៉ាងច្រើន។
នៅក្នុងឱកាសនេះក្រុមការងារ បានចុះចែកសេចក្ដីអំពាវនាវតាមគោលដៅសំខាន់ៗ រួមមាន៖ មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ សាលាបង្រៀនបើកបរ សាខាក្រុមហ៊ុន Honda ខេត្តព្រះវិហារ ចំណតរថយន្ត បណ្ដាធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងហាងលក់ម៉ូតូ សរុបចំនួន ៦០សន្លឹក។
ជាមួយគ្នានេះ ក្រុមការងារស្ថានីយអចល័តថ្លឹងយានយន្តអូពោធិ៍-ខេត្តព្រះវិហារ ក៏បានចូលរួមផ្សព្វផ្សាយ និងដាក់បដាផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន ៤ផ្ទាំង នៅតាមដងផ្លូវសំខាន់ៗ ដើម្បីជំរុញការយល់ដឹងបន្ថែមផងដែរ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសមិនត្រូវបើកបរលឿនហួសកំណត់ មិនបើកបរពេលស្រវឹង មិនប្រើទូរស័ព្ទពេលបើកបរ និងត្រូវពាក់មួកសុវត្ថិភាព និងខ្សែក្រវាត់សុវត្ថិភាពគ្រប់ពេលវេលា។ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក គឺជាចំណុចសំខាន់បំផុតក្នុងការការពារអាយុជីវិត និងកាត់បន្ថយគ្រោះថ្នាក់ ដើម្បីឱ្យការធ្វើដំណើរប្រកបដោយសុវត្ថិភាព ក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរ៕
























