សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
13-04-2026 18:57
(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៤៧០ គ.ស.២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំង សហការីនៃកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គលវិបុលសុខ មហាប្រសើរគ្រប់ប្រការជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណឈ្លាសវៃ និងមានជន្មាយុយឺនយូរ ដើម្បីរួមចំណែកក្នុងបុព្វហេតុជាតិ មាតុភូមិ ឱ្យទទួលបាននូវ វឌ្ឍនភាពថ្មីៗបន្ថែមទៀត។
ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំនិងសហការី នៃកាកបាទក្រហមកម្ពុជា សូមសម្តែងការកោតសរសើរយ៉ាងក្រៃលែង ចំពោះគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងគុណូបការៈដ៏ធំធេងរបស់សម្តេចពិជ័យសេនា ដែលកន្លងមកបានធ្វើពលីកម្មគ្រប់បែបយ៉ាង ជម្នះរាល់ការលំបាក តស៊ូរំដោះជាតិពីរបបប្រល័យពូជសាសន៍ រួមទាំងដឹកនាំខឿនការពារជាតិ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិយ៉ាងរឹងមាំ ហើយក៏ជាស្ថាបនិក នយោបាយឈ្នះ ឈ្នះ ដ៏អង់អាចមួយរូប ដែលបានរួមចំណែកនាំមកនូវសុខសន្តិភាពពេញលេញ សម្រាប់ជាតិ មាតុភូមិ រហូតដល់បច្ចុប្បន្ន។
ទន្ទឹមនេះសម្តេច រួមនឹងឥស្សរជនកំពូលៗនៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលពោរពេញដោយបទពិសោធន៍ និងនីតិកោសលជ្រៅជ្រះ ថ្វាយយោបល់លើព្រះរាកិច្ចដឹកនាំសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ជាមួយនេះដែរសម្តេចនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានចូលរួម ចំណែកកសាង និងអភិវឌ្ឍន៍សមិទ្ធផលសង្គម
កសាងមូលធនមនុស្សក្នុងវិស័យការពារជាតិ ប្រកបដោយឆន្ទៈ មោះមុត បំផុសកម្លាំងរួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
ក្នុងឱកាសសិរីសួស្តីដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាជាតិ មាតុភូមិកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម «រាក្យសាទេវី» សូមជួយអភិបាលប្រោះព្រំ គ្រងរក្សាសម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗជាទី ស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





