សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីព្រះបរមរាជវាំង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

13-04-2026 19:05

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៤៧០ គ.ស.២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំង សហការី នៃកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍
កាយពល មាំមួន បញ្ញាញាណឈ្លាសវៃ និងមានជន្មាយុយឺនយូរ ដើម្បីបុព្វហេតុជាតិ មាតុភូមិកម្ពុជា និងមនុស្សធម៌ មានវឌ្ឍនភាពរុងរឿង ជារៀងដរាបតទៅ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែង ជូនចំពោះ សម្តេច មហាមន្ត្រី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត បញ្ញាស្មារតី និងនីតិកោសលជ្រៅជ្រះ ដង្ហែអង្គ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ប្រកបដោយឆន្ទៈមោះមុត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមដឹកនាំស្ថាប័នព្រះបរមរាជវាំង និងបានឆ្លៀតពេលវេលា ដ៏មានតម្លៃចូលរួមចំណែកដឹកនាំ ជ្រោមជ្រែង ពង្រឹងនិរន្តរភាពនៃសកម្មភាពកាកបាទក្រហមកម្ពុជា សម្រេចបាន លទ្ធផលល្អប្រសើរគួរជាទីមោទនៈ ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ក្រោមម្លប់នៃសុខសន្តិភាព ពេញបរិបូរណ៍។

ក្នុងឱកាសដ៏សិរីសួស្តីប្រពៃថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុ ស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមអភិបាលប្រោះព្រំ គ្រងរក្សា សម្តេចមហាមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និង ចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕