សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជា ផ្ញើរសារលិខិតជូនពរលោកអ្នកឧកញ៉ា ជឹង សុភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
13-04-2026 19:24
(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស.២០២៦នេះ យើងខ្ញុំទាំងអស់គ្នាជាអគ្គលេខាធិការ អគ្គលេខាធិការរង និងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែង សូមគោរពជូននូវសព្ទ សាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនលោកអ្នកឧកញ៉ា ជឹង សុភាព អនុប្រធានកាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណឈ្លាសវៃ និងមានជន្មាយុយឺនយូរ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដោយស្មោះ ជូនចំពោះ លោកអ្នកឧកញ៉ា អនុប្រធាន កាកបាទ ក្រហមកម្ពុជា ដែលបានលះបង់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ធនធាន និងពេលវេលាដ៏មានតម្លៃ រួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បំពេញបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លា ធានាបាននូវធនធានហិរញ្ញវត្ថុរឹងមាំ និងមាននិរន្តរភាព ឆ្លើយតបទៅនឹងភាពងាយរងគ្រោះនៅទូទាំងប្រទេស បានទាន់ពេលវេលា និងមានប្រសិទ្ធភាព ជាពិសេស ក្នុងភាពជាអ្នកដឹកនាំនៃវិស័យឯកជន ដែលបានរួមចំណែកដ៏ធំធេងក្នុងសកម្មភាពបម្រើជាតិ មាតុភូមិ ប្រកបដោយគុណធម៌ និងចរិយាធម៌ដ៏ល្អប្រពៃ។
ក្នុងឱកាសដ៏សិរីសួស្តីប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា លោកអ្នកឧកញ៉ា អនុប្រធាន ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕





