វិចារណកថា៖ ការរៀបចំអនាម័យ និងភាពស្អាតតាមភូមិដ្ឋាន និងវត្តអារាមក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺជាទំនៀមទម្លាប់ដ៏ល្អផូរផង់ ដើម្បីជម្រះឧបទ្រពចង្រៃឆ្នាំចាស់ និងទទួលទេវតាឆ្នាំថ្មី
14-04-2026 09:13
(ភ្នំពេញ)៖ រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាពេលវេលាដ៏មានអត្ថន័យបំផុតសម្រាប់ការជួបជុំមហាគ្រួសារខ្មែរ នៅឆ្នាំនេះពិធីបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ នឹងប្រារព្ធឡើងនៅ ថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៦។ នេះគឺជាឱកាសដែលប្រជាពលរដ្ឋ កម្មករ និងមន្ត្រីរាជការ សម្រាកពីការងារ ដើម្បីធ្វើដំណើរត្រឡប់ទៅស្រុកកំណើត ជួបជុំឪពុកម្តាយ ញាតិមិត្តជិតឆ្ងាយ បង្កើតបរិយាកាសសប្បាយរីករាយ និងក្តីនឹករលឹកនៅតាមភូមិដ្ឋាន និងតាមវត្តអារាមនានា។
អត្ថន័យនៃការជួបជុំក្នុងឱកាសចូលឆ្នាំថ្មី ក៏បង្ហាញវប្បធម៌ផូផង់នៃស្មារតីសាមគ្គីភាព ការស្រឡាញ់រាប់អានគ្នា និងបង្កើតស្មារតីសាមគ្គីភាពជាតិ ស្រឡាញ់ជាតិ មាតុភូមិ។ ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាការរួមបញ្ចូលគ្នានូវសកម្មភាពសប្បាយរីករាយផង និងការរក្សានូវទំនៀមទម្លាប់ដ៏ល្អផូរផង់ផង និងការថែរក្សាបរិស្ថានឱ្យបានស្អាតផង ដែលឆ្លុះបញ្ចាំងពីការប្រតិបត្តិ ឬបស់ប្រជាជនខ្មែរតដូនតាមក ដោយរំលេចឡើងពីអត្តសញ្ញាណជាតិ និងសីលធម៌ក្នុងសង្គមខ្មែរដ៏យូរលង់មក។
សរុបសេចក្តីមក ប្រជាពលរដ្ឋខ្មែរមានវប្បធម៌ស្អាត ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺ៖
១) «ការជម្រះកាយ» គឺមានការស្លៀកពាក់ស្អាត ការរៀបចំតុបតែង សម្អាតផ្ទះ ភូមិដ្ឋានផ្លូវថ្នល់ ឱ្យបានស្អាត។ ដូចគ្នាដែរការរៀបចំ ថែរក្សាបរិស្ថាន មិនបោះសំរាមចោលផ្ដេសផ្ដាស កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាដើម
២) «ការជម្រះវាចា» គឺការនិយាយពាក្យល្អ។ ចេះគោរពដំបូន្មានចាស់ទុំ គោរពច្បាប់ និងចូលរួមអប់រំផ្សព្វផ្សាយពីភាពស្អាត នៅតាមសាលារៀន វត្តអារាម និងតាមលំនៅឋាន ជាដើម ឱ្យបរិយាកាសចូលឆ្នាំមានសេចក្តីសុខ
និង៣) «ការជម្រះចិត្ត» គឺការធ្វើបុណ្យ លេងសប្បាយជាមួយល្បែងប្រជាប្រិយខ្មែរ ការជួបជុំប្រកបដោយសីលធម៌ ដើម្បីទទួលយកលាភជ័យនៅឆ្នាំថ្មី។ ក្នុងឱកាសជួបជុំរីករាយនៃមហាគ្រួសារខ្មែរ ការចូលរួមជំរុញឱ្យមានអនាម័យស្អាត តុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នឹងធ្វើឲ្យបរិយាកាសចូលឆ្នាំថ្មីកាន់តែស្រស់បំព្រង សុខភាពល្អ និងសិរីសួស្តីក្នុងរដូវឆ្នាំថ្មនេះផងដែរ។
សូមបញ្ជាក់ថា នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីនេះ ក្រសួងបរិស្ថានបានជំរុញឱ្យមន្ទីរបរិស្ថានរាជធានី ខេត្ត សហការជាមួយអាជ្ញាធរ និងដៃគូសហការ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន និងជំរុញការអនុវត្តគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក នៅទីប្រជុំជន រាជធានី ក្រុង ស្រុក និងតាមថ្នល់ជាតិទូទាំងប្រទេស ឆ្ពោះទៅក្មានសំរាម និងសំណល់ប្លាស្ទិក នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវបានប្រារព្ធធ្វើឡើងក្នុងបរិបទ ដែលកម្ពុជាបាននិងកំពុងខិតខំ ជំរុញការអនុវត្តគោល នយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជំរុញឱ្យមានការចូលរួម ដើម្បីធ្វើឱ្យទឹកស្អាត ខ្យល់ស្អាត និងដីស្អាត៕




