នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

14-04-2026 12:52

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ ព្រមទាំងក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០។

ឆ្លៀតឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មេបញ្ជាការបានថ្លែងអំណរគុណ និងកោតសរសើរស្នាដៃ សមិទ្ធផល ដែលនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់គ្នាខិតខំប្រឹងប្រែងសម្រេចបាននាឆ្នាំកន្លង។

មេបញ្ជាការសង្ឃឹមថាឆ្នាំថ្មី នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ នឹងបន្តអនុវត្តដោយស្មារតី ទទួលខុសត្រូវទិសស្លោក ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ បង្កើតស្នាដៃថ្មី សមិទ្ធផលថ្មី លើមូលដ្ឋានគ្រប់គ្រង ថែរក្សាស្នាដៃ សមិទ្ធផលដែលមានស្រាប់។

ពិសេសយកចិត្តទុកដាក់ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋកំសាន្តសប្បាយប្រកបដោយសុវត្ថិភាព ក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ នេះ។

ពីទិវាដ៏នក្ខត្តឬក្សនៃមហាសង្ក្រាន្តឆ្នាំថ្មី មេបញ្ជាការសូមជូនពរ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងមូល ព្រមទាំងក្រុមគ្រួសារ សមប្រកបដោយសុខភាពល្អ ជន្មាយុវែង សុភមង្គល ចម្រុងចម្រើន និងសុវត្ថិភាពរាល់ការ ធ្វើដំណើរជិតឆ្ងាយ៕