អភិបាលស្រុកស្ទោង លើកទឹកចិត្តដល់លោកអាចារ្យ គណៈកម្មការ និងព្រះគ្រូចៅអធិការវត្ត ត្រូវកសាង និងអភិវឌ្ឍន៍វត្តអារាមឱ្យបានល្អ បែបវប្បធម៌ សាសនា និងទេសចរណ៍

14-04-2026 13:44

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់លោកអាចារ្យ គណៈកម្មការ និងព្រះគ្រូចៅអធិការវត្តទាំងអស់ ត្រូវរួមគ្នាកសាង និងអភិវឌ្ឍន៍វត្តអារាមឱ្យបានល្អប្រសើរ ស្របតាមបែបវប្បធម៌ សាសនា និងទេសចរណ៍ ដើម្បីធ្វើឱ្យទីអារាមនីមួយៗកាន់តែមានសោភ័ណភាព មានរបៀបរៀបរយ និងទាក់ទាញការចាប់អារម្មណ៍ពីពុទ្ធបរិស័ទ និងសាធារណជនទូទៅ។

ការលើកទឹកចិត្តនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក និងសហការី ព្រមទាំងសប្បុរសជន បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ ពុទ្ធស្ថាន ស្ថិតនៅក្នុងវត្តក្តីស្រង៉ែ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក សាយ គឹមឡម បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍវត្តអារាម ដែលឈរលើចក្ខុវិស័យ និងផែនការច្បាស់លាស់ នឹងធ្វើឱ្យវត្តអារាមកាន់តែមានសោភ័ណភាពជាមួយនឹងសំណង់ហេដ្ឋារចនាសម្ព័ន្ធសមរម្យ សួនច្បារចម្រុះពណ៌ ដើមឈើប្រណីត និងរុក្ខជាតិពណ៌បៃតង ដែលមិនត្រឹមតែចូលរួមលើកកម្ពស់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណែកមួយដ៏សំខាន់ក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងបង្កើនការទាក់ទាញពីសប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយផងដែរ។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុក ក៏បានកោតសរសើរចំពោះស្មារតីរួបរួម សហការ និងសាមគ្គីភាពរវាងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ព្រមទាំងព្រះគ្រូចៅអធិការ លោកអាចារ្យ និងគណៈកម្មការ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងសមិទ្ធផលនានា ជាពិសេសពុទ្ធស្ថានដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ សម្រាប់តម្កល់ទុកក្នុងព្រះពុទ្ធសាសនា និងជាសម្បត្តិរួមសម្រាប់គោរពប្រតិបត្តិតរៀងទៅ។

លើសពីនេះ លោក សាយ គឹមឡម ក៏បានសម្ដែងការអបអរសាទរជាមួយប្រជាពលរដ្ឋនៅក្នុងឃុំចំណាលើ ស្រុកស្ទោង ក៏ដូចជាខេត្តកំពង់ធំទាំងមូល ដែលទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ លោកនួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាពិសេស លោកបានលើកឡើងអំពីគម្រោងវារីវប្បកម្មមួយ ស្ថិតនៅក្នុងឃុំចំណាលក្រោម លើផ្ទៃដីប្រមាណ ៣,០០០ហិកតា ដែលត្រូវបានរំពឹងថា នឹងជួយបង្កើតកម្លាំងការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក សាយ គឹមឡម និងសហការី ក៏បានចូលរួមបច្ច័យបុណ្យចំនួន ១លាន ៦៦ម៉ឺនរៀល និង ១០០ដុល្លារអាមេរិក ដើម្បីចូលរួមគាំទ្រដល់ការងារកសាង និងអភិវឌ្ឍន៍នៅក្នុងវត្តក្តីស្រង៉ែផងដែរ៕