រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ២០២៦ នៅបុរីវប្បធម៌កោះសំពៅមាស
14-04-2026 13:50
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃដំបូង លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ នៅលើបុរីវប្បធម៌កោះសំពៅមាស។
ថ្លែងក្នុងឱកាសបើកពិធីអបអរសាទរ, លោក ខូយ រីដា បានលើកឡើងថា ការជួបជុំនាពេលនេះ គឺធ្វើឡើងដើម្បីរក្សាឱ្យបាននូវប្រពៃណីខ្មែរដ៏ល្អផូរផង់ និងដើម្បីសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាពអង់អាចក្លាហានរបស់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី។
លោក បានបញ្ជាក់ថា រាល់ភាពសប្បាយរីករាយ និងសមិទ្ធផលដែលខេត្តពោធិ៍សាត់សម្រេចបាននាពេលនេះ គឺដោយសារប្រទេសជាតិមាន «សន្តិភាព» ពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់ លោក ស៊ុយ សែម និងលោក កែវ រតនៈ ដែលជាក្បាលម៉ាស៊ីនដឹកនាំដ៏សំខាន់ ក្នុងការកៀរគរវិនិយោគិន មកបន្តាក់ទុកវិនិយោគ បង្កើតការងារនៅក្បែរផ្ទះ ជូនបងប្អូនកម្មករ និយោជិត ធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរឡើង។
ដើម្បីធានាបាននូវភាពសប្បាយរីករាយនេះ គណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញនូវវិធានការណ៍ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» យ៉ាងតឹងរ៉ឹងបំផុត ដើម្បីបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង។
លោក ខូយ រីដា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ អញ្ជើញមកចូលរួមលេងកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ខេត្ត។ ទន្ទឹមនឹងការសប្បាយរីករាយ លោកសូមសំណូមពរឱ្យបងប្អូនទាំងអស់គ្នា ចូលរួមរក្សាអនាម័យបរិស្ថាន សូមបោះចោលសម្រាមក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាសោភណភាពក្រុងពោធិ៍សាត់របស់យើង។
ក្នុងមនោសញ្ចេតនាសប្បាយរីករាយប្រកបដោយស្មារតីសាមគ្គីយ៉ាងជិតស្និទ្ធ និងទទួលបាននូវសព្ទសាធុការពរពី ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី រដ្ឋបាលខេត្តនឹងរៀបចំកម្មវិធីតាមបែបសាសនា និងកម្មវិធីកម្សាន្តសប្បាយ នៅលើបុរីវប្បធម៌កោះសំពៅមាស រយៈពេល០៣ថ្ងៃ ដែលប្រព្រឹត្តទៅដូចខាងក្រោម៖
*ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ (ថ្ងៃចូលឆ្នាំទី១)
-ម៉ោង ០៨:០០ ព្រឹក៖ ពិធីរាប់បាត្រព្រះសង្ឃ ១២៧អង្គ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន និងវិញ្ញាណក្ខន្ធវីរយុទ្ធជន
-ម៉ោង ១០:៤៨ ព្រឹក៖ ពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី
-ម៉ោង ១៦:០០ រសៀល៖ ការលេងល្បែងប្រជាប្រិយខ្មែរ របាំ និងតន្ត្រីប្រពៃណី។
*ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ (ថ្ងៃចូលឆ្នាំទី២)
-ម៉ោង ១៦:០០ រសៀល៖ បន្តកម្មវិធីកម្សាន្តសប្បាយ លេងល្បែងប្រជាប្រិយ និងសិល្បៈវប្បធម៌។
*ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ (ថ្ងៃចូលឆ្នាំទី៣)
-ម៉ោង ១៦:០០ រសៀល៖ កម្មវិធីលេងល្បែងប្រជាប្រិយ របាំ និងតន្ត្រីប្រពៃណីខ្មែរ (មហាសង្ក្រាន្តបិទបញ្ចប់)៕




















































