លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចុះត្រួតពិនិត្យសភាពការណ៍ទូទៅ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខជូនប្រជាពលរដ្ឋចូលលេងកម្សាន្ត «នគរសង្ក្រាន្ត»
14-04-2026 16:59
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នេះ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ បានចុះត្រួតពិនិត្យសភាពការណ៍ទូទៅ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងធានាសន្តិសុខជូនប្រជាពលរដ្ឋដែលមកចូលលេងកម្សាន្តក្នុងព្រឹត្តិការណ៍«នគរសង្ក្រាន្ត»។
កម្មវិធី«នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើងរយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ។
ព្រឹត្តការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើងចំនួន ៦ទីតាំង រួមមាននៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ, សួនវឌ្ឍនៈ, ផ្លូវថ្មើរជើងចតុមុខ (Walk Street), ផ្សារទួលទំពូង, បាសាក់លែន និងសួនច្បារមុខវត្តបុទុមវតី ដោយមានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើម ស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។
នៅថ្ងៃទី១ នៃព្រឹត្តិការណ៍នេះ មានបងប្អូនពលរដ្ឋយ៉ាងច្រើនកុះករ មកចូលរួមលេងកម្សាន្ត ក្រោមបរិយាកាសសប្បាយរីករាយ និងធានាបានសុខសុវត្ថិភាព សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរពីសំណាក់ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច៕







































































