សម្តេចតេជោ ហ៊ុន សែន៖ «របួសកូនដៃមួយ មិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ» (Video inside)

14-04-2026 17:24

(ភ្នំពេញ)៖ នៅថ្ងៃទី១នៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញសំណេរដ៏មុតស្រួចមួយដោយបង្ហាញចំណងជើងថា «របួសកូនដៃមួយ មិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ»។ សំណេររបស់សម្តេចតេជោ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ។ តើហាមទេវតាមិនឲ្យចុះមកបានទេ? តើហាមប្រជាជនមិនឲ្យចូលឆ្នាំបានទេ? បើកម្ពុជាពេលនេះមិនមានជម្ងឺឆ្លងកូវីដ១៩ដូចឆ្នាំ២០២០ផងនោះ។ យើងទទួលស្គាល់ថា យើងនៅមានការលំបាកតាមព្រំដែនជាមួយថៃលើផ្នែកមួយនៃដែនដី និងពេលវេលាដែលជាការលំបាករបស់កងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែន និងប្រជាជនភៀសសឹកមួយចំនួនដែលយើងបានជួយឲ្យពួកគាត់មានឱកាសបានចូលឆ្នាំផងដែរ។

សម្រាប់ប្រជាជនជាង១៧លាននាក់ផ្សេងទៀត តើទុកឲ្យពួកគាត់នាំគ្នាស្រែកយំបញ្ឈប់សកម្មភាពជីវភាពសេដ្ឋកិច្ចសង្គមឬយ៉ាងណា? ដូចជាការបិទផ្សារ បិទការលក់ដូរ បិទធនាគារ បិទរោងចក្រ បិទកសិដ្ឋាន បិទសាលារៀន។ល។ រហូតទៅបិទមិនឲ្យប្រជាជនសប្បាយរីករាយក្នុងពេលចូលឆ្នាំឬយ៉ាងណា?
ពួកជ្រុលនិយមទិទៀនរាជរដ្ឋាភិបាល ដែលរៀបចំនគរសង្រ្កានដោយគេចោទរាជរដ្ឋាភិបាលថា មិនបានគិតដល់ការលំបាករបស់កងទ័ពនិងប្រជាជន
ភៀសសឹកដែលជាចេតនាធ្វើឲ្យជាតិទាំងមូលធ្លាក់ចូលក្នុងស្ថានភាពពិការដែលគ្មានសកម្មភាពសេដ្ឋកិច្ចសង្គម ដែលខ្ញុំប្រៀបធៀបថា (របួសកូនដៃមួយ មិនគួរធ្វើឲ្យខ្លួនប្រាណនោះឡើយ)។

សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួនប៉ុន្មានថ្ងៃមកនេះ និងនៅគ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំនេះ វាស្មើនិងការទះកំភ្លៀង ចំពោះពួកប្រឆាំងនឹងការចូលឆ្នាំ។ សូមគោរពអញ្ជើញអ្នកប្រឆាំង និងការចូលឆ្នាំមកសប្បាយរីករាយក្នុងពេលចូលឆ្នាំទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេស។សូមកុំខ្មាស់អៀនអីគ្រាន់តែគិតខុស និងសកម្មភាពខុសដែលនាំដល់ខ្លួនខាតប៉ុណ្ណោះ ព្រោះបើធ្វើប្រឆាំងហើយត្រូវប្រឆាំងគ្រប់មុខទាំងអស់៕