ថ្ងៃទី១នៃបុណ្យចូលឆ្នាំខ្មែរ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរជិត១ លាននាក់ មកកម្សាន្ត

14-04-2026 20:04

(កំពង់ចាម)៖ នៅថ្ងៃទី ១៤ខែមេសា ឆ្នាំ ២០២៦ នេះ ដែលត្រូវនឹងថ្ងៃចូលឆ្នាំទី១ ខេត្តកំពង់ចាម ទទួល បានភ្ញៀវទេសចរណ៍មកលេងកម្សាន្តប្រមាណជាជិត ១លាននាក់ ។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឲ្យដឹងថា ទិន្នន័យទេសចរណ៍ និងប្រជាពលរដ្ឋដើរកម្សាន្ត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា សង្រ្កានក្រុងកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិចំនួន ១៦៥,៥៤២ នាក់ និងចំនួនភ្ញៀវទេសចរណ៍ ដេីរកម្សាន្តតាមរមណីយដ្ឋានក្រុង-ស្រុក ៧៩៣,២៥៨នាក់។ សរុបភ្ញៀវទេសចរណ៍ជាតិ ចំនួន ៩៥៨,៦៤៥ នាក់ ទេសចរណ៍បរទេស១៥៥ នាក់ ។

គូបញ្ជាក់ផងដែរថា ថ្ងៃដំបូង នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកម្មវិធីល្បែងប្រជាប្រិយ ជាច្រើនប្រភេទសម្រាប់ប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត។ ជាមួយគ្នានោះ ក៏មានការតាំងបង្ហាញពិព័រណ៍តាមស្តង់ រហូតដល់ទៅជាង១០០ ស្តង់ សម្រាប់ភ្ញៀវទស្សនាផងដែរ ។

លើសពីនេះទៅទៀត ថ្នាក់ដឹកនាំខេត្ត ពិសេស លោក អ៊ុន ចាន់ដាអភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការលេងល្បែងប្រជាប្រិយ នៅបរិវេណសួនច្បារមុខសាលាខេត្តកំពង់ចាម ដើម្បីបង្ករបរិយាកាសរីករាយរួមគ្នាជាមួយនឹងប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅទីនោះ៕