អភិបាលខេត្តព្រះវិហារ នាំយកអំណោយរបស់គណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ ចែកជូនប្រជាពលរដ្ឋភៀសសឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

14-04-2026 20:10

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដែលជាការជួយឧបត្ថម្ភពីគណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំនួន ១,៥០០ឃីត ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តឧត្តរគិរីទួលអណ្តែត និងវត្តពើងអង្កាម ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។

ថ្លែងក្នុងឱកាសនោះលោក គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ ដែលតែងតែបង្ហាញនូវសមានចិត្តសាមគ្គីភាព និងជួយជ្រោមជ្រែងដល់ខេត្តព្រះវិហារ ជាពិសេសក្នុងគ្រាលំបាក សបញ្ជាក់ឱ្យឃើញពីកាយវិការមនុស្សធម៌ដ៏ថ្លៃថ្លា មិនអាចបំភ្លេចបាន និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះលោកអភិបាលខេត្តព្រះវិហារ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋនៅតាមមណ្ឌលនីមួយៗ ឱ្យរៀបចំពិធីទទួលទេវតាឆ្នាំថ្មី ដែលយាងចុះមកនៅថ្ងៃទី១៤នេះ ឱ្យបានអធិកអធម ដើម្បីបង្កបរិយាកាសសប្បាយរីករាយ និងរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីជាតិ ទោះបីស្ថិតក្នុងស្ថានភាពស្នាក់នៅបណ្ដោះអាសន្នក៏ដោយ។

បន្ថែមពីនេះលោក គីម រិទ្ធី ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ជូនដល់ក្រុមការងារប្រចាំមណ្ឌល ដើម្បីចាត់ចែងរៀបចំជាតន្ត្រីបែបប្រពៃណី សម្រាប់ឱ្យបងប្អូនបានរាំលេងកម្សាន្តរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា។

លោកអភិបាលខេត្តព្រះវិហារ ក៏បានប្រសិទ្ធពរជ័យសិរីសួស្ដីក្នុងឱកាសឆ្នាំថ្មី ជូនដល់បងប្អូនភៀសសឹកទាំងអស់ សូមឱ្យជួបតែសេចក្ដីសុខ សុភមង្គល។

លោកបានអំពាវនាវដល់សប្បុរសជននានា បន្តចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងសកម្មភាពមនុស្សធម៌បែបនេះបន្តទៀត ដើម្បីជាកម្លាំងចិត្ត និងជាការចែករំលែកសេចក្តីស្រឡាញ់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត៕