យុវជនរាប់ពាន់នាក់សម្រុកនាំគ្នាទៅលេងនៅសួនតេជោឈ្នះឈ្នះ ក្រុងសិរីសោភ័ណ

14-04-2026 20:12

(បន្ទាយមានជ័យ)៖ យុវជន យុវនារី និងក្មេងៗរាប់ពាន់នាក់បាននាំគ្នាសម្រុកមកលេងសួនតេជោឈ្នះឈ្នះស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងនោះមានលេងរាំវង់ និងល្បែងប្រជាប្រិយយករង្វាន់។

លោកវរសេនីយ៍ត្រី សុខឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់គណ:បញ្ជាការឯកភាពខេត្ត និងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់កំលាំងអាវុធហត្ថ និងនគរបាលទាំងអស់ ត្រូវពង្រឹងសន្តិសុខឲ្យបានដាច់ខាតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃនៅខេត្តបន្ទាយមានជ័យឲ្យបានម៉ឺងម៉ាត់។

លោកវរសេនីយ៍ត្រី សុខ ឡេង បានប្រាប់ឲ្យដឹងបន្តទៀតថា ក្នុងនោះលោកបោនប៊ិន បានចាត់តាំងកម្លាំងចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ និងទីប្រជុំជន ចាត់តាំងជំនាញចុះស្រាវជ្រាវរុករកមុខសញ្ញាជនល្មើសផ្សេងៗនិង ត្រូវអនុវត្ត បង្ការ បង្រ្កាបបទល្មើស ចុះត្រួតពិនិត្យចរាចរណ៍អាវុធជាតិផ្ទុះ បង្ក្រាបការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក៏ដូចជាតាមមូលដ្ឋានក្រុង ស្រុក និងការពារសន្តិសុខផងដែរ។

លោកបានឲ្យដឹងបន្តទៀតថា អាវុធហត្ថ ត្រូវពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចប្រតិបត្តិការល្អប្រសើរផងដែរ។

តាមបណ្ដាអង្គភាពនីមួយៗ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងស្នងការខេត្ត ត្រូវពង្រឹងការងារឲ្យបានម៉ឺងម៉ាត់។

លោកវរសេនីយ៍ត្រី សុខឡេង បានបញ្ជាក់ឲ្យដឹងទៀតថា បុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃនេះជាមហាប្រសើរ ក្នុងក្រុមគ្រួសារខ្មែរ និងសង្គមជាតិទាំងមូល ក្នុងការទទួលទេវតាឆ្នាំថ្មី។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ ពិសេសក្រុមយុវជន យុវនារីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ កុំប្រើប្រាស់គ្រឿងញៀន ទាំងការផលិតចរាចរណ៍ រក្សាទុកជួញដូរ ចែកចាយ ព្រោះវាជាអំពើរខុសច្បាប់កុំលេងល្បែងស៊ីសង គោរពច្បាប់ចរាចរណ៍ កុំលេង គប់ទឹក តាមដងផ្លូវសាធារណៈ និងចូរប្រុងប្រយ័ត្ន ភ្លើងអគ្គិសនី ធូប ទៀន ភ្លើងចង្រ្កាន ការពារផ្ទុះសេ ខ្សែភ្លើង ដែលបង្កឲ្យឆេះរាលដាល បង្កឲ្យខូចខាតទ្រព្យសម្បត្តិជាដើម។

សូមបញ្ជាក់ថា ស្របពេលយុវជន យុវនារី ក្មេងៗរាប់ពាន់អ្នក សំរុកនាំគ្នាមកលេង នៅសួនតេជោឈ្នះឈ្នះ លោក ស្រេង សុផលបានឧបត្ថម្ភនំបញ្ចុក និងទឹកចំនួន៣០០ គីឡូក្រាមក្រាម សម្រាប់ឲ្យអ្នកដែលមកចូលរួមលេងល្បែងប្រជាប្រិយ និងរាំវង់ក្នុងសួនតេឈ្នះឈ្នះ ពិសាររួមគ្នា៕