រដ្ឋបាលខេត្តប៉ៃលិន រៀបចំពិធីក្រុងពាលី សូត្រមន្ត បួងសួងសុំសេចក្តីសុខ និងទទួលទេវតាឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

14-04-2026 20:42

(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦បានរៀបចំពិធីក្រុងពាលី សូត្រមន្ត បួងសួងសុំសេចក្តីសុខនិងទទួលទេវតាឆ្នាំថ្មី ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន មានមាតា បិតា ញាតិការទាំង៧ សណ្តាន ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស ២០២៦ នៅសាលាខេត្ត។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ទេសរដ្ឋមន្ក្រី អ៊ីឈាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និង លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ព្រម ទាំង មានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងរាស្ត្រ, ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត សមាជិក ក្រុមប្រឹក្សាខេត្ត, ប្រធានមន្ទីរអង្គភាពនានា មន្រ្តីរាជការជុំវិញខេត្ត និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ចំណុះ សាលាខេត្តទាំងអស់ចូលរួមផងដែរ។

រដ្ឋបាលខេត្តប៉ៃលិន តែងតែបានរៀបចំពិធីនេះឡើងជារៀងរាល់ឆ្នាំតាមប្រពៃណីសាសនាដោយមានការបួងសួង ព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តប្រោះព្រំលើករាសី សុំសិរីសួស្តី ជូនដល់ថ្នាក់ដឹកនាំមន្រ្តីរាជការចំណុះ រដ្ឋបាលខេត្ត ទាំងអស់ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ក្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និង លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត បានបួងសួងដល់វត្ថុស័ក្តិសិទ្ធនៅលើលោកនេះ និង ទេវតាឆ្នាំថ្មី ដែលនឹងមកគ្រប់គ្រងភពផែនដីបន្ដពីទេវតាឆ្នាំចាស់ សូមប្រោះព្រំសព្វសាធុការពរជ័យ សិរីមង្គលបវរមហា ប្រសើរជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់ បានទទួលនូវសុខភាពល្អ សេចក្ដីសុខ ចម្រើន និងជោគជ័យរាល់ការបំពេញភារកិច្ចក្នុងឆ្នាំថ្មីនេះ។

ពិធីសាសនានេះ ជាការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ និងបង្ហាញពីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របពេលប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមម្លប់នៃសន្ដិភាព ដែលរក្សាបាននូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គមដ៏ល្អប្រសើរ និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជាទាំងមូលផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស ២០២៦ ខាង មុខនេះ ប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៦ ដោយមានទេព ធីតា ព្រះអង្គជាមគ្គនាយិកាព្រះនាម «រាក្យសាទេវី» ជារាជបុត្រីទី៣នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកាទ្រង់ អម្ពរពណ៌ ខ្មៅ លម្អនៅព្រះកាណ៌ដោយ សៀតឈូក អភរណៈ កែវមនោរាភក្សាហារទ្រង់ លោហិត (ឈាម) ព្រះហស្ត ស្តាំ ទ្រង់ធ្នូ ព្រហស្តឆ្វេង ទ្រង់ត្រីសូល៍ទ្រង់គង់ឈរ បើកព្រះនេត្រលើខ្នងមនោម័យ (សេះ) ជាមគ្គពាហនៈ៕