អគ្គិសនីកម្ពុជា នាំយកក្ដីស្រឡាញ់ និងស្នាមញញឹមជូនដល់កុមារកំព្រា និងកុមារងាយរងគ្រោះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

15-04-2026 10:49

(ភ្នំពេញ)៖​ ក្នុងស្មារតីចែករំលែក និងលើកកម្ពស់សុខុមាលភាពសង្គម ក្រោមការណែនាំរបស់ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា ជាពិសេស លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា យុវជនអគ្គិសនីកម្ពុជា បានចុះបំពេញបេសកកម្មមនុស្សធម៌យ៉ាងសកម្ម ដោយបាននាំយកថវិកា និងអង្ករ ចែកជូនដល់មជ្ឈមណ្ឌលកុមារកំព្រា និងកុមារងាយរងគ្រោះចំនួន ១០ ទីតាំង ផ្សេងៗគ្នា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

សកម្មភាពដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ចំពោះអនាគតកុមារ និងជួយសម្រាលបន្ទុកជីវភាពរបស់មជ្ឈមណ្ឌលនីមួយៗ ស្របតាមគោលការណ៍ «សាមគ្គីភាព និងការទទួលខុសត្រូវសង្គម» ដែលថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាតែងតែប្រកាន់ខ្ជាប់ជានិច្ច ។

អំណោយសប្បុរសធម៌ដែលជាការរួមចំណែកដ៏ថ្លៃថ្លាពីសំណាក់ថ្នាក់ដឹកនាំ និយោជិតនៃអគ្គិសនីកម្ពុជា និងសប្បុរសជននានា ដែលក្នុងនោះ មជ្ឈមណ្ឌលនីមួយៗ ទទួលបាន ថវិកាចំនួន ៥ លានរៀល និងអង្ករចំនួន ២ តោន ។
មជ្ឈមណ្ឌលទាំង ១០ ដែលទទួលបានជំនួយមនុស្សធម៌ខាងលើនេះ រួមមាន៖
១. អង្គការ SOS Children’s Villages Cambodia (រាជធានីភ្នំពេញ)
២. អង្គការ Cambodian Children’s Fund (រាជធានីភ្នំពេញ)
៣. អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) (រាជធានីភ្នំពេញ)
៤. អង្គការ AFESIP Cambodia (រាជធានីភ្នំពេញ)
៥. អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា (រាជធានីភ្នំពេញ)
៦. មណ្ឌលមែកឈើ (រាជធានីភ្នំពេញ)
៧. ព្រះវិហារសេចក្ដីមេត្តាករុណានៃព្រះគ្រិស្ត (រាជធានីភ្នំពេញ)
៨. មជ្ឈមណ្ឌល Aloha Learning Center (រាជធានីភ្នំពេញ)
៩. សមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ (ខេត្តកណ្ដាល)
១០. សាលាដូង (ខេត្តកំពង់ស្ពឺ) ។

គួរបញ្ជាក់ផងដែរថា អគ្គិសនីកម្ពុជា មិនត្រឹមតែដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សេវាថាមពលអគ្គិសនីជូនប្រជាពលរដ្ឋទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែតែងតែយកចិត្តទុកដាក់ខ្ពស់លើការងារមនុស្សធម៌ រួមចំណែកកសាង បង្កើនធនធាន មនុស្សតាមរយៈការជួយសម្រួលជីវភាពឱ្យក្រុមកុមារទាំងនោះបានចូលរៀនដើម្បីឱ្យសង្គមជាតិ កាន់តែរីកចម្រើន និងប្រកបដោយក្ដីស្រឡាញ់ ដោយប្រើភាសាបេះដូងជាមួយគ្នា។