វិចារណកថា៖ ការរៀបចំអនាម័យ និងភាពស្អាតតាមភូមិដ្ឋាន និងវត្តអារាមក្នុងរដូវបុណ្យចូលឆ្នាំថ្មី ជាទំនៀមទម្លាប់ដ៏ល្អផូរផង់ ដើម្បីជម្រះឧបទ្រពចង្រៃឆ្នាំចាស់ និងទទួលទេវតាឆ្នាំថ្មី

15-04-2026 12:06

(ភ្នំពេញ)៖ ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាការរួមបញ្ចូលគ្នានូវសកម្មភាពសប្បាយរីករាយផង និងការរក្សានូវទំនៀមទម្លាប់ដ៏ល្អផូរផង់ផង និងការថែរក្សាបរិស្ថានឱ្យបានស្អាតផង ដែលឆ្លុះបញ្ចាំងពីការប្រតិបត្តិ ឬបស់ប្រជាជនខ្មែរតដូនតាមក ដោយរំលេចឡើងពីអត្តសញ្ញាណជាតិ និងសីលធម៌ក្នុងសង្គមខ្មែរដ៏យូរលង់មក។

ប្រជាពលរដ្ឋខ្មែរមានវប្បធម៌ស្អាត ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺ៖

១) «ការជម្រះកាយ» គឺមានការស្លៀកពាក់ស្អាត ការរៀបចំតុបតែង សម្អាតផ្ទះ ភូមិដ្ឋានផ្លូវថ្នល់ ឱ្យបានស្អាត។ ដូចគ្នាដែរការរៀបចំ ថែរក្សាបរិស្ថាន មិនបោះសំរាមចោលផ្ដេសផ្ដាស កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាដើម

២) «ការជម្រះវាចា» គឺការនិយាយពាក្យល្អ។ ចេះគោរពដំបូន្មានចាស់ទុំ គោរពច្បាប់ និងចូលរួមអប់រំផ្សព្វផ្សាយពីភាពស្អាត នៅតាមសាលារៀន វត្តអារាម និងតាមលំនៅឋាន ជាដើម ឱ្យបរិយាកាសចូលឆ្នាំមានសេចក្តីសុខ

និង៣) «ការជម្រះចិត្ត» គឺការធ្វើបុណ្យ លេងសប្បាយជាមួយល្បែងប្រជាប្រិយខ្មែរ ការជួបជុំប្រកបដោយសីលធម៌ ដើម្បីទទួលយកលាភជ័យនៅឆ្នាំថ្មី។ ក្នុងឱកាសជួបជុំរីករាយនៃមហាគ្រួសារខ្មែរ ការចូលរួមជំរុញឱ្យមានអនាម័យស្អាត តុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នឹងធ្វើឲ្យបរិយាកាសចូលឆ្នាំថ្មីកាន់តែស្រស់បំព្រង សុខភាពល្អ និងសិរីសួស្តីក្នុងរដូវឆ្នាំថ្មនេះផងដែរ៕