សង្រ្កាន្តអូររាំងឪ ថ្ងៃទី២ ពងទាស្ងោរ ចំនួន១ម៉ឺនគ្រាប់ បានរៀបចំចែកជាពិសេសជូនពលរដ្ឋ និងអ្នកទេសចរណ៍ មកពីទីជិតទីឆ្ងាយ ដែលចូលរួមសប្បាយរីករាយលេងល្បែងប្រជាប្រិយ រាំកម្សាន្តតាមបទប្រពៃណីជាតិ
15-04-2026 12:31
(ត្បូងឃ្មុំ)៖ សង្រ្កាន្តអូររាំងឪ ថ្ងៃទី២ ពងទាស្ងោរ ចំនួន១ម៉ឺនគ្រាប់ បានរៀបចំចែកជាពិសេស ជូនដល់ប្រជាពលរដ្ឋនិងអ្នកទេសចរណ៍ មកពីទីជិតទីឆ្ងាយ ដែលបានចូលរួមសប្បាយរីករាយ លេងល្បែងប្រជាប្រិយ រាំកម្សាន្តតាមបទប្រពៃណីជាតិ ក្នុងសង្រ្កាន្តអូររាំងឪ អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅឧទ្យានទន្លេស្ងួត ក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
សង្រ្កាន្តអូររាំងឪ រៀបចំឡើងដោយក្រសួងបរិស្ថាន រដ្ឋបាលស្រុកអូររាំងឪ និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៦។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានផ្តួចផ្តើមការរៀបចំ និងបានអញ្ជើញចូលរួមបើកដំណើរជាផ្លូវការ សង្ក្រាន្តអូររាំងឪ ឆ្នាំ២០២៦ នាសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរជួបតែសេចក្តីសុខ ជួបជុំក្រុមគ្រួសារ និងសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មី ប្រកបដោយសេចក្តីសុខ សុវត្ថិភាព៕














