ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរ! ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរណ៍ជាង១៦ម៉ឺននាក់

15-04-2026 13:16

(តាកែវ)៖ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ សម្រាប់ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរ មកលេងកម្សាន្តមានចំនួនជាង១៦ម៉ឺននាក់។

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវបានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មានភ្ញៀវស្នាក់នៅចំនួន២,៨០០នាក់ ប្រជាពលរដ្ឋដើរលេងកម្សាន្ដវិលល្ងាចមានចំនួន១៦២,៨០៥នាក់ ភ្ញៀវទេសចរបរទេសមានចំនួន១,៥៥០នាក់។

នៅថ្ងៃដំបូង នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ អាជ្ញាធខេត្តតាកែវ បានរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយជាច្រើនប្រភេទសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិចូលរួមលេងកម្សាន្ត។

សម្រាប់ថ្ងៃទីមួយ នៃពិធីបុណ្យចូលឆ្នាំអាជ្ញាធរខេត្តតាកែវ បានរៀបចំពិធីដង្ហែរក្បួនព្យុះយាត្រាអមដោយព្រាត់ប្រវែង៨០ម៉ែត្រដើម្បីប្រកាសបើក «តាកែវសង្ក្រាន្ត» ពិធីដង្ហែក្បួនព្យុះហយាត្រានេះមានការអញ្ជើញចូលរួមជាធិបតីភាពពីសំណាក់ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនិងយុវជន សសយក ជាច្រើននាក់ផងដែរ។

ក្បួនដង្ហែព្យុះហយាត្រាអមដោយព្រ័តប្រវែង ៨០ម៉ែត្រនេះ មានការស្លៀកសម្លៀកបំពាក់បែបប្រពៃណីយ៍ បានចាប់ផ្ដើមដង្ហែចេញពីសួនច្បារវិមានឯករាជ្យ ឆ្ពោះមកកាន់សួនច្បារមាត់បឹងតាកែវ ដើម្បីធ្វើការលេងល្បែងទាញព្រាត់កម្សាន្ដ៕