ខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ថ្ងៃទី១

15-04-2026 13:19

(កំពង់ធំ)៖ បរិយាកាសនៃការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល អដ្ឋស័ក ព.ស.២៥៧០ នៅក្នុងខេត្តកំពង់ធំ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ បានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ និងមានសភាពអ៊ូអរយ៉ាងខ្លាំង ដោយមានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរចេញដើរកម្សាន្តសរុបប្រមាណ១៥៤,០៧៩នាក់។

យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបខាងលើ រួមមាន៖ ទេសចរជាតិចំនួន៤៦០នាក់, ទេសចរបរទេស ចំនួន១២០នាក់, ភ្ញៀវកម្សាន្តតាមរមណីយដ្ឋាននានា ចំនួន៣,៧៦០នាក់។

ដោយឡែក ចំណុចទាក់ទាញបំផុតប្រចាំខេត្ត គឺ «សង្រ្កាន្តកំពង់ធំ» ដែលរៀបចំឡើងនៅតាមបណ្តោយសួនច្បារដងស្ទឹងសែន ដោយមានប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ រហូតដល់ទៅប្រមាណ ២៧,០០០នាក់។ ទីនោះមានការរៀបចំជាការលេងល្បែងប្រជាប្រិយ រាំកម្សាន្ត និងការតាំងពិព័រណ៍ផ្សេងៗ បង្កើតបានជាបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង។

ទន្ទឹមនឹងនេះ ទំនៀមទម្លាប់ប្រពៃណីតាមបែបសាសនាក៏នៅតែមានសកម្មភាពយ៉ាងសកម្ម ដោយបងប្អូនប្រជាពលរដ្ឋប្រមាណ ១២២,៧៣៩នាក់ បានអញ្ជើញទៅធ្វើបុណ្យទាន និងលេងកម្សាន្តតាមវត្តអារ៉ាមនានាទូទាំងខេត្តចំនួន២៩៧វត្ត (ក្នុងនោះមានវត្តមហានិកាយ២៩៣ និងធម្មយុត្តិ៤)។

ស្ថានភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានអាជ្ញាធរខេត្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាឱ្យប្រជាពលរដ្ឋមានសុវត្ថិភាព និងស្នាមញញឹម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផងដែរ៕