ថ្ងៃទី១ នៃបុណ្យចូលឆ្នាំខ្មែរ នៅរាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរជាតិ និងបរទេស ជិត១លាននាក់ មកលេងនគរសង្ក្រាន្ត

15-04-2026 13:39

(ភ្នំពេញ)៖ នាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីមានភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទូទាំងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ដែលរៀបចំឡើង នៅរាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋ ជិត១លាននាក់ ដែលក្នុងនោះពលរដ្ឋខ្មែរ មាន ៩៨៣,០៨០នាក់ និងភ្ញៀវទេសចរអន្តរជាតិ ចំនួន៧,០៦៨នាក់។

តាមការឱ្យដឹងរបស់លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមេសនេះថា ទីតាំងរៀបចំទាំង៦ទីតាំង និងទីតាំងថ្មីមួយទៀត នៅអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយ យ៉ាងច្រើនកុះករ បន្ថែមពីនេះ នៅតាមទីវត្តអារាម និងបណ្តាខណ្ឌទាំង១៤ ក៏មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដូចគ្នាដែរ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ទៀតថា ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋ ដើរលេងកម្សាន្តវិលល្ងាច ចំនួន៩៨៣,០៨០នាក់ និងមានភ្ញៀវទេសចរបរទេស ចំនួន ៧,០៦៨នាក់។

សូមបញ្ជាក់ថា ឆ្នាំនេះព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើង រយៈពេល៦ថ្ងៃ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងរដ្ឋបាលរាជធានីភ្នំពេញ។ មានការលេងល្បែងកំសាន្ត ល្បែងប្រជាប្រិយ៍ខ្មែរ នៅគ្រប់ទីប្រជុំជន ដូចជា៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ តាមដងទន្លេសាប ចាប់ពីផ្សាររាត្រី ដល់មុខព្រះរមរាជវាំង, មានភូមិវប្បធម៌ អតីតទីលានប្រជាធិបតេយ្យ ដល់ផ្សាររាត្រី និងនៅតាមទីប្រជុំជននានា ជាច្រើនកន្លែងទៀត។

លើសពីនេះទៅទៀត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ លេងល្បែងទាញព្រ័ត្រមិត្តភាពយ៉ាងវែង នៅលើផ្លូវថ្មើរជើងចតុ ក្នុងឱកាសឆ្នាំថ្មី នាថ្ងៃទី១ ដែលមានមនុស្សចូលរួមលេងច្រើនបំផុត មិនធ្លាប់មាន ដើម្បីបង្កបរិយាកាសរីករាយរួមគ្នា ជាមួយនឹងប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តនៅតាមបណ្តាទីតាំងទាំង៦ផងដែរ។

សូមជម្រាបថា នាថ្ងៃទី១ នៃការចាប់ផ្ដើមព្រឹត្តិការណ៍ នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលរៀបចំឡើង នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនចុះកុះករ បានចូលរួមទស្សនា ស្តង់ពិព័រណ៌ផ្សព្វផ្សាយ ពីតួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ (Emergency Hotline) 1291។

ក្នុងឱកាសចូលទស្សនានេះ ភ្ញៀវជាតិ និងអន្តរជាតិ បានចូលរួមឆ្លើយសំណួរប្រកួតកីឡា និងលេងល្បែងប្រជាប្រិយ ដើម្បីទទួលបានរង្វាន់ជាច្រើន ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ យ៉ាងច្រើនកុះករ នៅទីតាំងលើសួនមុនីហទ័យ (សួនច្បារស្ពាននាគ វត្តភ្នំ) នៅផ្លូវលេខ៥១ កែង១០៦ រាជធានីភ្នំពេញ៕