ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានភ្ញៀវទេសចរណ៍ជិត ២០ម៉ឺននាក់ មកលេងកម្សាន្តក្នុងខេត្តកំពង់ធំ (Video inside)

16-04-2026 09:49

(កំពង់ធំ)៖ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅក្នុងខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ បានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ និងមានសភាពអ៊ូអរយ៉ាងខ្លាំង ដោយមានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរចេញដើរកម្សាន្តសរុបប្រមាណ ១៧៧,៥៤៣នាក់។

តាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានបញ្ជាក់ឱ្យដឹងថា នៅរាត្រីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នេះក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅក្នុងខេត្តកំពង់ធំបានទទួលភ្ញៀវភ្ញៀវទេសចរណ៍មកលេងមក្សាន្ត មាន៖ ទេសចរជាតិ៖ ចំនួន ៥៣០នាក់ ទេសចរបរទេស៖ ចំនួន ៨៩ នាក់ ភ្ញៀវកម្សាន្តតាមរមណីយដ្ឋាននានា៖ ចំនួន ៦,៩៣៥ នាក់។

ជាមួយគ្នានេះអ្នកលេង «សង្រ្កាន្តកំពង់ធំ» ដែលរៀបចំឡើងនៅតាមបណ្តោយសួនច្បារដងស្ទឹងសែន ដោយមានបងប្អូនប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ រហូតដល់ទៅប្រមាណ ៣៨,០០០នាក់។

ទីនោះមានការរៀបចំជាការលេងល្បែងប្រជាប្រិយ រាំកម្សាន្ត និងការតាំងពិព័រណ៍ផ្សេងៗ បង្កើតបានជាបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង។

ទន្ទឹមនឹងនេះ ទំនៀមទម្លាប់ប្រពៃណីតាមបែបសាសនាក៏នៅតែមានសកម្មភាពយ៉ាងសកម្ម ដោយបងប្អូនប្រជាពលរដ្ឋប្រមាណ ១៣០,៩៨៩ នាក់ បានអញ្ជើញទៅធ្វើបុណ្យទាន និងលេងកម្សាន្តតាមវត្តអារ៉ាមនានាទូទាំងខេត្តចំនួន ២៩៧ វត្ត (ក្នុងនោះមានវត្តមហានិកាយ ២៩៣ និងធម្មយុត្តិ ០៤)។

ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានអាជ្ញាធរខេត្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាឱ្យបងប្អូនប្រជាពលរដ្ឋមានសុវត្ថិភាព និងស្នាមញញឹម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ៕