រដ្ឋមន្រ្តី ហួត ហាក់៖ ព្រឹត្តិការណ៍លៀសហាល ទម្ងន់ ៥តោន ចម្ងាយ ១,២០០ម៉ែត្រ បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ
16-04-2026 12:07
(កំពង់ចាម)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីបើកសង្ក្រាន្តកំពង់ចាម និងព្រឹត្តិការណ៍លៀសហាល ទម្ងន់ ៥តោន ចម្ងាយ ១,២០០ម៉ែត្រ នៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម នៅតាមដងផ្លូវមុខសាលាខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍នេះអាចចាត់ទុកជា ព្រឹត្តការណ៍មានលក្ខណៈច្នៃប្រឌិតខ្ពស់ ដោយលៀសហាល គឺជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមទីជនបទ និងទីក្រុង និងមានប្រជាប្រិយភាព ព្រមទាំងមានការគាំទ្រក្នុងចំណោមមហាជនពីគ្រប់មជ្ឈដ្ឋាន ដោយបានទាក់ទាញទាំងប្រជាពលរដ្ឋនៅមូលដ្ឋាននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករពីគ្រប់ទិសទី។
ព្រឹត្តិការណ៍ដ៏ទាក់ទាញមួយនេះ មានការអញ្ជើញចូលរួមពីលោកស្រី លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង, អ្នកឧកញ៉ា ឧកញ៉ា និងថ្នាក់ដឹកនាំខេត្តជាច្រើនទៀត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ហួត ហាក់ លើកឡើងថា ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមឆ្នាំនេះ បានបន្តបង្ហាញពីសក្ដានុពលទេសចរណ៍ក្នុងតំបន់ និងការច្នៃប្រឌិតក្នុងការផ្សព្វផ្សាយវប្បធម៌ និងអាហារខ្មែរឱ្យកាន់តែទូលំទូលាយ ព្រមទាំងទាក់ទាញភ្ញៀវពីគ្រប់ទិសទីអញ្ជើញមកទស្សនាកម្សាន្តនៅខេត្តកំពង់ចាម៕














