សម្តេចតេជោ ហ៊ុន សែន ផ្តាំអ្នកនៅបន្តគប់គិតគ្នានាំទំនិញពីថៃ ត្រូវបញ្ឈប់ជាបន្ទាន់, តើមិនខ្លាចបាបទេ ដែលទទួលបណ្តាសាពីប្រជាជន?

16-04-2026 14:01

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្តាំទៅពួកមិនចេះស្គាល់ពីជាតិសាសន៍ខ្លួនឯង ដែលនៅតែបន្តគប់គិតគ្នាលួចនាំទំនិញពីថៃចូលមកកម្ពុជានេះ ត្រូវបញ្ឈប់ជាបន្ទាន់។

សម្តេចតេជោ ហ៊ុន សែន បញ្ជូនសារទៅអ្នកទាំងនោះថា តើមិនខ្លាចបាបទេ ដែលទទួលបណ្តាសាពីប្រជាជន?

នៅក្នុងសារសំឡេងនៅរាត្រីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ឆ្លើយតបជាមួយការលើកឡើងទាំងងងើលរបស់លោក សេង សារី
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «សូមផ្តាំផ្ញើឱ្យពួកដែលមិនស្គាល់ជាតិរបស់ខ្លួននោះ ដែលនៅតែបន្តលួចទំនិញពីថៃចូលមកកម្ពុជានេះ គប់គិតគ្នានេះ តើខ្លាចបាបទេ ត្រូវបណ្តាសារបស់ប្រជាពលរដ្ឋ គួរតែបញ្ឈប់ទៅ ឥលូវទាន់ថ្ងៃវរៈឡើងស័កនៃបុណ្យចូលឆ្នាំនេះ នាំគ្នាបញ្ឈប់ទៅ»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូមកុំសង្ឃឹមទៅលើការបើកច្រកព្រំដែនកម្ពុជា-ថៃ ហើយសូមឱ្យអ្នកទាំងឡាយណាដែលនាំទំនិញថៃចូលកម្ពុជា សូមបញ្ឈប់ជាបន្ទាន់ កម្ពុជាមានទំនិញគ្រប់គ្រាន់ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួនហើយ មិនចាំបាច់មានទំនិញមកពីប្រទេសដែលគេរឹតត្បិតកម្ពុជានឹងថាមានគេលួចរត់ពន្ធទំនិញចូលកម្ពុជា ចឹងទេសុំសហការខាងកម្ពុជាទប់ស្កាត់កម្ពុជា ខាងថៃទប់ស្កាត់ខាងថៃ ដើម្បីកុំឱ្យទំនិញទៅមកបាន ហើយកម្ពុជា មានឱកាសផលិតទំនិញរបស់ខ្លួនដើម្បីនាំចូលក្នុងទីផ្សារ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា អ្នកប្រើប្រាស់គប្បីប្រើប្រាស់ទំនិញក្នុងស្រុក ឫទំនិញមកពីប្រទេសផ្សេង ជាជាងប្រើប្រាស់ទំនិញមកពីប្រទេសថៃ និយាយដូចនេះមិនមែនផ្ទុយនឹងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកនោះទេ ក៏ប៉ុន្តែវាជាជម្រើសរបស់ប្រជាជនកម្ពុជា ហើយមានតែប្រជាជនកម្ពុជានោះទេ ដែលជាអ្នកមានសិទ្ធសម្រេចថាគួរប្រើប្រាស់ទំនិញរបស់អ្នកណា បើមានអ្នកនាំចូលច្រើនប៉ុណ្ណាក៏ដោយ បើគ្មានអ្នកទិញទេ ក៏គ្មានអ្នកលក់ដែរ ហើយបើគ្មានអ្នកទិញទេ ក៏គ្មានអ្នករត់ពន្ធយកមកលក់ដែរ៕