ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះជួបជនភៀសសឹកនិងដោះស្រាយបញ្ហាប្រឈម ក្នុងឱកាសថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរ
16-04-2026 14:06
(ភ្នំពេញ)៖ ក្នុងឱកាសថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនភៀសសឹក ព្រមទាំងពិនិត្យការតភ្ជាប់ទឹកស្អាត និងស៊ីទែនទឹក ដើម្បីផ្គត់ផ្គង់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋភៀសសឹក ដែលរាជរដ្ឋាភិបាលរៀបចំឲ្យស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
តាមរយៈផេកហ្វេសបុករបស់លោក គន់ គីម បានថ្លែងថា ក្នុងនាមសេនាធិការជូនរាជរដ្ឋាភិបាល បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលបន្តចូលស្នាក់នៅផ្ទះបណ្តោះអាសន្ន ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង សាលារៀន និងរៀបចំដីកសិកម្មសម្រាប់ជំរុញសកម្មភាពកសិកម្មទាំងលក្ខណៈគ្រួសារ និងសហគមន៍ ដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូល ព្រមទាំងអាចគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃ៕























