ទស្សនតាបូរណ៌! ការយល់ខុសពាក្យ «ធៀប» និង ពាក្យ «ប្រដូច»៖ ភាសា អំណាចនយោបាយ និងការបង្កើតន័យក្នុងបញ្ហាអធិបតេយ្យជាតិ

16-04-2026 14:09

(ភ្នំពេញ)៖ ការប្រើប្រាស់ភាសា មិនត្រឹមតែជាមធ្យោបាយបញ្ជូនអត្ថន័យទេ ប៉ុន្តែអាចក្លាយជាឧបករណ៍នយោបាយដ៏មានឥទ្ធិពល នៅពេលវាត្រូវបានបកស្រាយ ឬបំលែងន័យក្នុងបរិបទជាក់លាក់។

តាមវចនានុក្រមរបស់សម្តេចព្រះសង្ឍរាជ ជួនណាត ពាក្យ «ធៀប» និង «ប្រដូច» មានន័យខុសគ្នាយ៉ាងច្បាស់លាស់៖
-ពាក្យ«ធៀប» គឺជាការវាស់វែង និងវាយតម្លៃសមាមាត្រ ខណៈ ពាក្យ«ប្រដូច» គឺជាការបង្ហាញភាពស្រដៀង។ ការបំភាន់រវាងពាក្យទាំងពីរនេះ មិនមែនជាកំហុសតូចតាចឡើយ វានាំឲ្យមានការបំភាន់ន័យយ៉ាងធ្ងន់ធ្ងរ នៅពេលវាត្រូវបានយកទៅប្រើក្នុងវេទិកានយោបាយ និងសារព័ត៌មាន។

ឃ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានសរសេរថា «របួសកូនដៃមួយ មិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ» នេះ គឺជាការប្រើប្រាស់ន័យបែប «ធៀប» ដែលមានលក្ខណៈយុទ្ធសាស្ត្រ និងវិភាគសមាមាត្រវាមិនមែនជាការបង្ហាញថាបញ្ហាណាមួយគ្មានសារៈសំខាន់នោះឡើយ គឺជាការបញ្ជាក់ថា បញ្ហាផ្នែកមួយ មិនគួរត្រូវបានអនុញ្ញាតឲ្យប៉ះពាល់ដល់ស្ថិរភាព និងការអភិវឌ្ឍជាតិទាំងមូលនោះទេ នេះជាគោលគំនិតសំខាន់ក្នុងការគ្រប់គ្រងរដ្ឋសម័យទំនើប ដែលផ្តោតលើតុល្យភាពរវាងសន្តិសុខ និងការអភិវឌ្ឍ។

ទោះជាយ៉ាងណា ការបកស្រាយខ្លះៗ ដូចជាការបង្ហាញរបស់ លោក សេង សារី តាមរយៈ វិទ្យុបារាំងអន្តរជាតិ ដែលបានបំលែងន័យឃ្លានេះទៅជាបែប «ប្រដូច» ដោយបង្កើតជាទស្សនៈថា បញ្ហាព្រំដែនជារឿងតូចតាច។ ការបកស្រាយបែបនេះ មិនត្រឹមតែខុសពីមូលដ្ឋានភាសាវិទ្យាតែប៉ុណ្ណោះទេ វាអាចត្រូវបានយល់ថា ជាការប្រើប្រាស់ភាសាដើម្បីបង្កើតន័យនយោបាយ ដែលអាចប៉ះពាល់ដល់ការយល់ឃើញរបស់សាធារណៈ និងបង្កើតការប្រែប្រួលក្នុងទស្សនៈជាតិ។

បន្ថែមពីនេះ ក្នុងបរិបទពេលវេលាដែលមានសារៈសំខាន់សម្រាប់ជាតិ ដូចជាឱកាសបុណ្យ ចូលឆ្នាំខ្មែរ ដែលជាពេលវេលានៃការរួបរួម និងអត្តសញ្ញាណវប្បធម៌ជាតិ ការប្រើប្រាស់វេទិកាសារព័ត៌មានមួយចំនួន ដើម្បីលើកយកបញ្ហានយោបាយដែលមានលក្ខណៈវិវាទ ឬការបកស្រាយបែបបំបែកគំនិត អាចនាំឲ្យបរិយាកាសសង្គមក្លាយជាល្អក់កករ ជាពិសេស នៅពេលមានអ្នកសារព័ត៌មានដែលមានបទពិសោធន៍ពីស្ថាប័នដូចជា វិទ្យុអាស៊ីសេរី និង VOD បានចូលរួមក្រោមឆ័ត្រ សារព័ត៌មានមួយទៀតរបស់ ពួកគេ នោះការផ្សព្វផ្សាយ មាតិកាដែលមានទិសដៅនយោបាយខ្លាំងដែលចោទប្រកាន់ បំភ្លៃ បំផ្លើស ការបកស្រាយអត្ថន័យអាចលែងមានលក្ខណៈអព្យាក្រឹត ហើយអាចបង្កើតសម្ពាធលើការយល់ឃើញរបស់សាធារណៈ។

ក្នុងទស្សនវិជ្ជានយោបាយ និងទំនាក់ទំនងសាធារណៈ វេទិកាព័ត៌មានមិនមែនជាកន្លែងបញ្ជូនព័ត៌មានតែប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែង «បង្កើតន័យ» ដែលអាចកំណត់របៀបដែលសង្គមយល់អំពីបញ្ហាផ្សេងៗ ដូច្នេះ ការយកឃ្លាដែលមានបរិបទយុទ្ធសាស្ត្រ មកបំលែងន័យក្នុងទិសដៅនយោបាយ ជាពិសេសនៅពេលវេលាសំខាន់ៗនៃជាតិ អាចត្រូវបានយល់ថា ជាការប្រើប្រាស់ភាសា ដើម្បីបង្កើតអាជីវកម្មនយោបាយ ឬបំភាន់ទស្សនៈសង្គម។

ជាក់ស្តែង បញ្ហាព្រំដែន និងអធិបតេយ្យជាតិ គឺជាបញ្ហាដែលមិនអាចបន្ថយតម្លៃបានឡើយ ប៉ុន្តែការគ្រប់គ្រងវាត្រូវការយុទ្ធសាស្ត្រដែលមិនអនុញ្ញាតឲ្យបញ្ហាមួយ មកបំផ្លាញស្ថិរភាពសេដ្ឋកិច្ច និងសង្គមទាំងមូលបានឡើយ នេះជាការយល់ដឹងដែលត្រូវការការវិភាគជ្រាលជ្រៅ មិនមែនការបកស្រាយសាមញ្ញ ឬការប្រើប្រាស់ពាក្យដោយគ្មានការយកចិត្តទុកដាក់នោះឡើយ។

សរុបមកសេចក្តីមក ភាសា គឺជាឧបករណ៍អំណាច ការយល់ខុសពី ពាក្យ «ធៀប» និង ពាក្យ «ប្រដូច» អាចមិនត្រឹមតែបំភាន់ន័យភាសាតែប៉ុណ្ណោះទេ ក៏ប៉ុន្តែវាអាចបំភាន់ទិសដៅនយោបាយ និងការយល់ឃើញជាតិផងដែរ។ ក្នុងសង្គមប្រជាធិបតេយ្យ ការពិភាក្សាគួរត្រូវផ្អែកលើភាពត្រឹមត្រូវ ភាពទទួលខុសត្រូវ និងការគោរពបរិបទ ដើម្បីរក្សាសាមគ្គីភាពជាតិ និងការអភិវឌ្ឍយ៉ាងចីរភាព៕