ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម នាំអំណោយចុះសួរសុខទុក្ខ ភរិយាយោធិនជួរមុខ ដែលសម្រាលកូនក្នុងមន្ទីរពេទ្យបង្អែកខេត្ត
18-04-2026 15:12
(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម រួមដំណើរដោយលោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរពេទ្យ និងក្រុមការងារ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញសួរសុខទុក្ខ អ្នកស្រី ម៉ន ផល្លី ជាភរិយាវីរយោធិនជួរមុខ ទិសថ្មដា ដែលមកសម្រាលកូន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹកពីសំណាក់លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលក្នុងតួនាទី ជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធាន តែងតែបានណែនាំអោយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា ក៏ដូចជាបណ្តាញការងារគ្រប់ថ្នាក់ យកចិត្តទុកដាក់ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្នុងនោះត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេសការគាំពារសុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើងឡើយ។
បើតាមលោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម បានឲ្យដឹងថា អ្នកស្រី ម៉ន ផល្លី ជាភរិយាវីរយោធិនជួរមុខទិសថ្មដា ដែលកំពុងបំពេញបេសកកម្ម ការពារបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់ នៅសមរភូមិព្រំដែន។
អ្នកស្រី ម៉ន ផល្លី បានស្នាក់នៅផ្ទះម្តាយបង្កើត ភូមិបឹងបបុះ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ហើយត្រូវបានម្តាយ និងក្រុមគ្រួសារ ជូនមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលសេវាសម្រាល និងថែទាំព្យាបាល ជាបន្ទុកមន្ទីរពេទ្យបង្អែកខេត្តទាំងស្រុង ដោយមានការយកចិត្តទុកដាក់ររបស់ក្រុមគ្រូពេទ្យ អ្នកស្រី ម៉ុន ផល្លី សម្រាលបានកូនទី៤ ភេទស្រី ១នាក់ ទម្ងន់ ២,៦ គីឡូក្រាម ដោយសុវត្ថិភាព នៅវេលាម៉ោង ៧៖៥៥នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។
លោក អ៊ុន ចាន់ដា ក៏បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូន អ្នកស្រី ម៉ុន ផល្លី រួមមាន ទឹកដោះគោស្រស់ សម្ភារមាតា ខោអាវទារក គ្រឿងឧបភោគបរិភោគ ទឹកពិសា ២កេស ទឹកក្រូច ឃីតអនាម័យស្ត្រី ១ឈុត ផ្លែឈើស្រស់ ១កន្ត្រក និង ថវិកាសរុប ចំនួន ១,០០០,០០០រៀលផងដែរ៕










