ខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំដើមឈើសង្កត់ពីលើរោងដេក ក្នុងឧទ្យានជាតិវីរៈជ័យ នៅស្រុកតាវែង ខេត្ករតនគិរី ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
18-04-2026 15:16
(រតនគិរី)៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងរបួសធ្ងន់ម្នាក់ ក្នុងចំណោមមនុស្ស៦នាក់ ដោយសារភ្លៀងលាយខ្យល់កន្ត្រាក់ បក់បោករលំដើមឈើសង្កត់ពីលើរោងដេក ក្នុងឧទ្យានជាតិវីរៈជ័យនៅស្រុកតាវែង ខេត្តរតនគិរី នាព្រលប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាវែង បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ មានមនុស្សចំនួន៦នាក់ បាននាំគ្នាជិះម៉ូតូចេញពីភូមិ ទៅរើសផ្លែសំរ៉ងក្នុងព្រៃ លុះធ្វើដំណើរដល់ចំណុចអូរកាណាម ប្រហែលម៉ោង ៣រសៀល ក៏ឈប់សម្រាក ហើយអ្នកខ្លះដាំបាយធ្វើម្ហូប អ្នកខ្លះធ្វើរោងដេករួចនាំហូបបាយ និងដេកជុំគ្នា ស្រាប់តែពេលនោះមានភ្លៀងផ្គរន្ទះ មានខ្យល់បក់បោកយ៉ាងខ្លាំងបណ្តាលឲ្យបាក់ដើមឈើធំមួយដើម សង្កត់ពីលើរោងដេករៀបដល់ដីតែម្តង រួចហើយនាំគ្នារើតង់ និងមែកឈើធំៗសង្កត់ពីលើយកចេញក្រៅក៏ឃើញជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់, ភ្លាមៗនេះដែរក៏បានរាយការណ៍ទៅ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាវែងតែម្តង។
ជនរងគ្រោះឈ្មោះ ណន ប្រែង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិព្រៅ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង(ស្លាប់) និងឈ្មោះ ទី ជី ភេទប្រុសអាយុ ១៨ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ មានទីលំនៅជាមួយជនរងគ្រោះខាងលើ (របួសធ្ងន់)។
មេប៉ុស្តិ៍នគរបាលរដ្ឋបាលបញ្ជាក់ឲ្យដឹងទៀតថា បានរាយការណ៍ជូនលោកអធិការនគរបាលស្រុកតាវែង ដើម្បីសុំមន្ត្រីនគរបាលជំនាញចុះត្រួតពិនិត្យសាកសពនៅលំនៅឋានជនរងគ្រោះខាងលើ។ បច្ចុប្បន្នសព ជនរងគ្រោះត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីបងប្អូនជនជាតិភាគតិច នៅលំនៅរបស់គាត់ដោយសេចក្តីទុក្ខសង្រេង៕





