រដ្ឋមន្ត្រី ឌិត ទីណា ចុះពិនិត្យ និងនាំយកជំនួយចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទះរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ នៅភូមិគោកព្រេច (Video inside)
18-04-2026 22:29
(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យ និងនាំយកជំនួយចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងដំណើរចុះពិនិត្យនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង, លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន រួមជាមួយបងប្អូនប្រជាពលរដ្ឋដែលមានផ្ទះរងផលប៉ះពាល់។
ឆ្លើយតបទៅនឹងការខូចខាតផ្ទះសម្បែងជិត៧០០ខ្នង នៅទូទាំងខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រួមសហការជាមួយរដ្ឋបាលខេត្ត បានផ្តល់អន្តរាគមន៍ជាស័ង្កសី និងថវិកាមួយចំនួន ដើម្បីផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋរងគ្រោះអាចជួសជុលដំបូលផ្ទះឡើងវិញភ្លាមៗ មិនទុកឱ្យពួកគាត់ជួបការលំបាកយូរឡើយ។ នេះបើយោងតាមប្រសាសន៍លោករដ្ឋមន្ត្រី ឌិត ទីណា។
គួរជម្រាបថា យោងតាមរបាយការណ៍បឋម កាលពីវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានករណីខ្យល់កន្ត្រាក់ បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងឃុំគោករមៀតសរុបចំនួន៩ភូមិ ១-ភូមិគោកព្រេច ចំនួន ១៧៣ខ្នង, ២-ភូមិតាឡី ចំនួន៧២ ខ្នង, ៣-ភូមិស្ពានចំនួន ៤៤ខ្នង, ភូមិគោករមៀត ចំនួន១១២ខ្នង, ៥-ភូមិសិរីការ ចំនួន១៥ខ្នង, ៦-ភូមិប្រាំមីនា ចំនួន៥ខ្នង, ៧-ភូមិថ្មី ចំនួន៣ខ្នង ,៨-ភូមិស្ដៅ ចំនួន១៣ខ្នង និងភូមិវល្លិ៍ប្រេង ៤ខ្នង សរុបទាំង៩ភូមិចំនួន៤៤១ខ្នងផ្ទះ៕













