ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ច្រានចោលការចោទប្រកាន់ និងលើកឡើងគ្មានមូលដ្ឋាន ចំពោះការមិនអនុញ្ញាតឲ្យទណ្ឌិត សម រង្ស៊ី ចូលរួមនៅក្នុងកម្មវិធីជួបជុំសមាគម និងប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងប៉ារីស

19-04-2026 08:27

(ប៉ារីស, បារាំង)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានចេញមកច្រានចោលការចោទប្រកាន់ និងលើកឡើងគ្មានមូលដ្ឋាន ចំពោះការមិនអនុញ្ញាតឲ្យទណ្ឌិត សម រង្ស៊ី ចូលរួមនៅក្នុងកម្មវិធីជួបជុំសមាគម និងប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងបារីស កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីបំភ្លឺដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានបញ្ជាក់ត្រឡប់ទៅវិញថា ការមិនអនុញ្ញាតឱ្យទណ្ឌិត សម រង្ស៊ី ចូលរួមក្នុងកម្មវិធីនាថ្ងៃទី១៦ ខែមេសា នៅរដ្ឋសភាបារាំង គឺជាឆន្ទានុសិទ្ធិរបស់លោកតំណាងរាស្ត្របារាំងដែលជាម្ចាស់រៀបចំកម្មវិធីដើម្បីបើកផ្លូវឱ្យឯកអគ្គរាជទូតអាចចូលរួមក្នុងកម្មវិធីនេះ។

ការបដិសេធមិនឲ្យមានវត្តមានទណ្ឌិត សម រង្ស៊ី ដើម្បីចៀសវាងការផ្សារភ្ជាប់ឯកអគ្គរាជទូតជាមួយបុគ្គលដែលកំពុងជាប់ទោសទណ្ឌមិនមែនជាការប្រកាន់និន្នាការនយោបាយនោះឡើយ។