បណ្ឌិត ជា មុនីឫទ្ធិ៖ នាវាមន្ទីរពេទ្យរបស់មូលនិធិចិន Beijing Peaceland គ្រោងមកកម្ពុជា នៅខែតុលាខាងមុខ

19-04-2026 11:50

(ភ្នំពេញ)៖ បើសិនមិនមានការប្រែប្រួលអ្វីទេ តាមរយៈគម្រោងរបស់មូលនិធិចិន Beijing Peaceland គ្រោងនាំនាវាមន្ទីរពេទ្យមកកម្ពុជា នៅខែតុលា ឆ្នាំ២០២៦ខាងមុខ។ ដោយមានការសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងបន្ទាប់ពីបានដាក់ឱ្យដំណើរការរថយន្តពេទ្យចល័តខ្នាតធំ នៅកម្ពុជាកាលពីចុងខែមិថុនា ឆ្នាំ២០២៥មក។ មូលនិធិគ្រោងនឹងរៀបចំបេសកកម្មរបស់ខ្លួននៅកម្ពុជា ក្នុងបេសកកម្មមនុស្សធម៌លើវិស័យសុខុមាលភាពសាធារណៈ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។

ដោយមានការរួមចំណែកក្នុងវិស័យសុខុមាលភាពសាធារណៈ ពីសំណាក់ភាគីចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានមានប្រសាសន៍ថា៖ «កិច្ចកសាងសហគមន៍សមុទ្រដែលមានវាសនារួមគ្នា» ជាគំនិតផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកប្រធានរដ្ឋចិន បានជួបជាមួយគណៈប្រតិភូបរទេស ហើយត្រូវបានអញ្ជើញឱ្យចូលរួមសកម្មភាពលំហាត់កងទ័ពជើងទឹកពហុជាតិសាសន៍ ដើម្បីរំលឹកខួបលើកទី៧០ នៃថ្ងៃបង្កើតកងទ័ពជើងទឹករំដោះប្រជាជនចិន នៅទីក្រុងឈីងតាវ។ តាមរយៈសហគមន៍សមុទ្រដែលមានវាសនារួមគ្នា បានប្រែក្លាយពីរលកសមុទ្រ ទៅជារលកមនុស្សធម៌»។

លោកបណ្ឌិត បានបន្តថា៖ «ការចងក្រងជាមួយអនុវត្តជាក់ស្តែង ដោយគោលការណ៍ទាំងនេះត្រូវបានបង្ហាញជាក់ស្តែងតាមរយៈសកម្មភាពមនុស្សធម៌ ដូចជា នាវាមន្ទីរពេទ្យ Peace Ark និងគម្រោងនានារបស់មូលនិធិចិន Beijing Peaceland ដែលគ្រោងនឹងនាំនាវាពេទ្យមកដល់កម្ពុជា នៅខែតុលា ឆ្នាំ២០២៦»

សូមជម្រាបថា «កិច្ចកសាងសហគមន៍សមុទ្រដែលមានវាសនារួមគ្នា» ដែលមានអាយុកាលវ័យ៧ឆ្នាំនេះ មិនត្រឹមតែជាក្របខណ្ឌ ទ្រឹស្តីសម្រាប់អភិបាលកិច្ចសមុទ្រសកលទេ ប៉ុន្តែជាគោលនយោបាយរបស់ប្រទេសចិនក្នុងការអនុវត្តដែលមាន វិមាត្រចម្រុះនិងអាចវាស់វែងបាន ដោយផ្តោតលើ៖

១. រួមគ្នារក្សាសន្តិភាព និងសុវត្ថិភាពសមុទ្រ៖ ការជំរុញ «កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការនៅលើសមុទ្រ» គឺជាគន្លឹះក្នុងការកាត់បន្ថយការយល់ច្រឡំ និងការប្រឈមមុខគ្នា ដែលស្របនឹងមាត្រដ្ឋាននៃការកសាងទំនុកចិត្ត ដោយជួយបង្កើនភាពថ្លៃថ្នូរនិងទំនុកចិត្តរវាងរដ្ឋនិងរដ្ឋ។

២. រួមគ្នាឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខសមុទ្រ៖ ការគំរាមកំហែងដូចជា បទល្មើសនេសាទ បទឧក្រិដ្ឋនានា និងគ្រោះមហន្តរាយធម្មជាតិ ត្រូវការការសហការប្រកបដោយប្រព័ន្ធ ហើយការពង្រឹង «ការតភ្ជាប់សមុទ្រ» និងការចែករំលែកព័ត៌មាន គឺជាគោលការណ៍សំខាន់ក្នុងការការពារសន្តិសុខមិនប្រពៃណី។

៣. រួមគ្នាជំរុញវិបុលភាពសមុទ្រ៖ ការភ្ជាប់បណ្តាញពាណិជ្ជកម្ម និងសេដ្ឋកិច្ចសមុទ្រ (សេដ្ឋកិច្ចពណ៌ខៀវ) បាន និងកំពុងជួយបង្កើតតម្លៃបន្ថែមសម្រាប់ប្រទេសទាំងឡាយ។ គោលការណ៍ «ចែករំលែកទ្រព្យសម្បត្តិពណ៌ខៀវ» បង្ហាញពីការចែកចាយផលប្រយោជន៍យ៉ាងសមធម៌ និងការអភិវឌ្ឍចីរភាព។

៤. រួមគ្នាជំរុញការប្រសព្វវប្បធម៌សមុទ្រ៖ សមុទ្រមិនត្រឹមតែជាផ្លូវពាណិជ្ជកម្មទេ ប៉ុន្តែជាស្ពានវប្បធម៌។ ការផ្លាស់ប្តូរ វប្បធម៌ និងការយល់ដឹងអំពីអរិយធម៌សមុទ្រ ជួយបង្កើនការយោគយល់ និងបន្ថយការប៉ះទង្គិចអរិយធម៌។ ផ្លូវសូត្រ សមុទ្រដែលមានអាយុកាលជាង២ពាន់ឆ្នាំ បានភ្ជាប់អរិយធម៌ចិននិងអរិយធម៌នានារបស់ពិភពលោក ដែលក្នុងនោះ ទំនាក់ទំនងជាង២ពាន់ឆ្នាំរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន ដែលនាំឱ្យអរិយធម៌របស់ប្រទេសយើងទាំងពីរ វេញត្របាញ់ចូលគ្នា ក៏ត្រូវបានលាតត្រដាង និងផ្តល់ដានយ៉ាងច្រើនតាមច្រកសមុទ្រផងដែរ។

៥. រួមគ្នាការពារបរិស្ថានសមុទ្រ៖ ការការពារបរិស្ថានសមុទ្រ គឺជាមូលដ្ឋានសម្រាប់អនាគតរួម។ ការប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ ការពារប្រព័ន្ធអេកូឡូស៊ី និងការប្រើប្រាស់ធនធានយ៉ាងចីរភាព គឺជាផ្នែកមួយនៃអភិបាលកិច្ចសមុទ្រនិងមហាសមុទ្រប្រកបដោយចីរភាព។

តាមទស្សនៈវិទ្យាសាស្ត្រគោលការណ៍ «ប្រាំរួមគ្នា»ខាងលើ បានបង្កើតជាគ្រោងការណ៍អភិបាលកិច្ចសមុទ្រសកល ដែលមានលក្ខណៈបញ្ចូលគ្នា ដោយបង្ហាញថា សមុទ្រគឺជាវេទិកាសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍចីរភាព ដរាបណាប្រទេសទាំងអស់រួមគ្នាជ្រោងទង់នៃ «កិច្ចកសាងសហគមន៍សមុទ្រដែលមានវាសនារួមគ្នា»

សូមបញ្ជាក់ថា នាវាពេទ្យរបស់មូលនិធិចិន Beijing Peaceland ត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅលើផ្ទៃសមុទ្ររបស់ប្រទេសចិន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅខេត្តជឺជាំង ប្រទេសចិន ក្រោមអធិបតីភាពលោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជា៕