ថ្ងៃទី៥នៃព្រឹត្តិការណ៍«នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិជាង១.៥លាននាក់មកលេងកម្សាន្ត និងអំពាវនាវបន្តមកលេងកំសាន្តឱ្យបានច្រើនកុះករថែមទៀតនៅថ្ងៃចុងក្រោយនេះ

19-04-2026 13:05

(ភ្នំពេញ)៖ នៅថ្ងៃទី៥ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមីនៅរាជធានីភ្នំពេញ ត្រូវនឹងថ្ងៃទី១៨មេសា២០២៦នេះ មានភ្ញៀវជាតិ និងអន្តរជាតិរួមទាំងប្រជាពលរដ្ឋមកពីគ្រប់ទិសទីចំនួន ១លាន៥សែននាក់ មកលេងកម្សាន្យ ទោះបីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ បានបញ្ចាប់ទៅ២ថ្ងៃហើយក៏ដោយ។ នេះតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ។

លោកស្រីបានឱ្យដឹងទៀតថា នៅថ្ងៃទី៥ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញមានភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមចំនួន ១.៥៥៧.២៥០នាក់ ក្នុងនោះ ភ្ញៀវចំនួន ១.៥៥១.១៥០នាក់ និងទេសចរបរទេស ចំនួន៦១០០នាក់ (ដោយគិតត្រឹមម៉ោង១៩និង០០នាទី)។

គួរបញ្ជាក់ថា សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត មានចំនួន៩៨៣,០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន៧,០៦៨នាក់។ នៅថ្ងៃទី២ មានបងប្អូនប្រជាពលរដ្ឋ មកដើរលេងកម្សាន្ត ១,៥៦៥,៣៦៧នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេស ចំនួន១៧,៩៤០នាក់។ ថ្ងៃទី៣មានចំនួន ១,៨២៧,៩៩០នាក់ និងនៅថ្ងៃទី០៤ មានចំនួន១៣៨៤៥១១នាក់ ក្នុងនោះប្រជាពលរដ្ឋមកដើរលេងកម្សាន្តចំនួ១៣៧៤៧២០នាក់និងទេសចរបរទេស៩៧៩១នាក់។

ពាក់ព័ន្ធនឹងសុខសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ មានភាពល្អប្រសើរ ប្រជាពលរដ្ឋដើរលេងកម្សាន្តដោយភាពសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងប្រកបដោយសុខសុវត្ថិភាព ពោលគឺពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់ធំដុំឡើយ ។

សូមបញ្ជាក់ផងដែរថា ឆ្នាំនេះព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើង រយៈពេល៦ថ្ងៃ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងរដ្ឋបាលរាជធានីភ្នំពេញ ដែលគិតមកដល់ពេលនេះ បានឈានដល់ថ្ងៃទី៦ហើយ គឺជាថ្ងៃចុងក្រោយ។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ បន្តមកលេងកំសាន្តឱ្យបានច្រើនកុះករ បន្ថែមទៀត នៅថ្ងៃបញ្ចប់នេះ៕