ពលរដ្ឋ៦នាក់នៅខេត្តកំពង់ឆ្នាំង រងរបួសធ្ងន់និងស្រាល ខណៈផ្ទះ៣៤ ខ្នង ត្រូវបានដួលរលំ និងរបើកដំបូលជញ្ជាំង ដោយសារខ្យល់កន្ត្រាក់
19-04-2026 14:15
(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋ៦នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានរងរបួសធ្ងន់និងស្រាល ខណៈលំនៅដ្ឋានជាច្រើនខ្នង ត្រូវបានរងការខូចខាត ដោយសារគ្រោះធម្មជាតិ(ខ្យល់កន្ត្រាក់)។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ដែ លបានកើតឡើងទៅលើភូមិឋានរបស់ប្រជាពលរដ្ឋចំនួន ២ភូមិ ស្ថិតក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៍របស់លោក ប៉ាត់ គន មេឃុំផ្លូវ ទូក បានបញ្ជាក់ឲ្យដឹងថា លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ(ខ្យល់កន្ត្រាក់)សរុបចំនួន៣៤ខ្នងផ្ទះ ក្នុងនោះរលំទាំងស្រុងចំនួន៦ខ្នង និងរបើកដំបូលជញ្ជាំងចំនួន២៨ខ្នង និងរបួសប្រជាពលរដ្ឋចំនួន៦នាក់ ក្នុងនោះរបួសធ្ងន់១នាក់។ ពលរដ្ឋរងរបួសត្រូវបានអាជ្ញាធរដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពទាំងយប់ផងដែរ។
លោកមេឃុំផ្លូវទូក លោកក៏បានសូមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក ដែលមានប្រជាពលរដ្ឋរស់នៅចំនួន ៣ភូមិ គឺភូមិថ្នល់ឈើទាល,ភូមិពាមខ្នង,និងភូមិស្លត,ភូមិទាំង៣នេះភាគច្រើនលើសលុប គឺប្រជាពលរដ្ឋរស់នៅតាមដងទន្លេ និងមានមុខរបរនេសាទត្រី និងធ្វើស្រែចម្ការ ហេតុនេះសូមបងប្អូនមានការប្រុងប្រយ័ត្ន ដោយសារតែរដូវនេះជាដើមរដូវវស្សា គឺងាយនឹងជួបប្រទះនូវហានិភ័យពិសេសគឺគ្រោះធម្មជាតិផ្សេងៗដូចជាៈភ្លៀង ផ្គរ រន្ទះ ខ្យ ល់កន្ត្រាក់ ជំនន់ទឹកទន្លេ ជាដើម ដែលបង្កគ្រោះថ្នាក់និងបង្កការខូចខាតដល់ផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋយើងស្ទើរជារៀងរាល់ឆ្នាំ។ហេតុនេះបងប្អូនប្រជាពលត្រូវ តែបង្កើនការប្រុងប្រយ័ត្នចាប់ពីពេលនេះទៅ ទាំងការធ្វើដំណើរតាមមធ្យោបាយផ្សេងៗ ជាពិសេសការធ្វើដំណើរតាមផ្លូវទឹកជិតឆ្ងាយ៕


















