មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ គ្រូពេទ្យមុនក្លាយជាអ្នកប្រកបវិជ្ជាជីវៈ អាចទៅព្យាបាលអ្នកជំងឺបាន ត្រូវមានសញ្ញាបត្រ វាយតម្លៃចុះបញ្ជីការ សុំអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈត្រឹមត្រូវ

19-04-2026 14:19

(កំពត)៖ លោកសាស្ត្រាចារ្យមហាបរិញ្ញា ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ តំណាងលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ក្រុមគ្រូពេទ្យទាំងអស់ មុនក្លាយជាអ្នកប្រកបវិជ្ជាជីវៈ អាចទៅព្យាបាលតាមជំនាញរបស់ខ្លួន ដល់អ្នកជំងឺបាន ត្រូវមានសញ្ញាបត្រ វាយតម្លៃចុះបញ្ជីការ សុំអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈត្រឹមត្រូវ។

លោកសាស្ត្រាចារ្យមហាបរិញ្ញា ឡឹម តារា ថ្លែងបែបនេះ ក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី១៧ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប ដែលបានរៀបចំធ្វើឡើង នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ «ភាពសុខុម» ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

លោករដ្ឋលេខាធិការ បន្តថា ដោយសារបច្ចុប្បន្ន វិទ្យាសាស្ត្រមានការអភិវឌ្ឍន៍រីកចម្រើន ការប្រែប្រួល និងការផ្លាសប្តូរកើតមានយ៉ាងឆាប់រហ័ស សូម្បីតែជំងឺក៏មានការវិវត្តន៍ថ្មីៗ ដូច្នេះអ្នកបម្រើសេវាសុខាភិបាល ជាគ្រូពេទ្យ ជាបុគ្គលិកសុខាភិបាល ជាអ្នកប្រកបអាជីពសុខាភិបាលទាំងអស់ ត្រូវបន្តអភិវឌ្ឍវិជ្ជាជីវៈជានិច្ច ។

ទន្ទឹមនេះ លោករដ្ឋលេខាធិការ ក៏បានណែនាំឲ្យរួមគ្នាលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ឲ្យមានកិត្តិយស កេរ្តិ៍ឈ្មោះ និងទិសដៅចុងក្រោយ គឺទទួលបានការជឿជាក់ និងទំនុកចិត្ត ពីប្រជាពលរដ្ឋ ដែលមកទទួលសេវា។ លោកថា តួអង្គសំខាន់ គឺអ្នកប្រកបអាជីព និងវិជ្ជាជីវៈសុខាភិបាល ដែលស្ថិតនៅក្នុងគណៈវិជ្ជាជីវៈទាំង៥ រួមមាន គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឱសថការី គណៈគិលានុបដ្ឋាយិកានិងឆ្មប និងគណៈបច្ចេកទេសវេជ្ជសាស្ត្រ។ គណៈវិជ្ជាជីវៈទាំងនេះ.មានតួនាទីសំខាន់ក្នុងការចុះបញ្ជីអ្នកប្រកបវិជ្ជាជីវៈ រៀបចំក្រមសីលធម៌ និងធានាគុណភាពសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ។ ដូច្នេះអ្នកប្រកបអាជីពសុខាភិបាលទាំងអស់ ត្រូវតែចុះបញ្ជីនៅក្នុងគណៈវិជ្ជាជីវៈទាំង៥ ហើយគណៈវិជ្ជាជីវៈទាំង៥ ត្រូវតែបន្តអភិវឌ្ឍវិជ្ជាជីវៈ រហូតពេញមួយជីវិត ទាំងជំនាញបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវៈ។

ក្នុងឱកាសនោះដែរ.លោកវេជ្ជបណ្ឌិត កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បានឲ្យដឹងថា ការអភិវឌ្ឍវិជ្ជាជីវៈ គឺជាផ្នែកមួយសំខាន់បំផុត ដើម្បីធានាដល់ការពង្រឹងប្រសិទ្ធភាព គុណភាពសេវាសុខាភិបាល ប្រកបដោយតម្លាភាព វឌ្ឍនភាពវិជ្ជាជីវៈ ទាំងគុណវឌ្ឍិ គុណធម៌ សមធម៌ សាមគ្គីភាព ដើម្បីចូលរួមកាត់បន្ថយហានិភ័យអត្រាស្លាប់ផ្សេងៗ ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈ និងសេវាឯកជននៅកម្ពុជា ដែលកត្តានេះ ជាគន្លឹះសំខាន់ក្នុងការផ្តល់នូវភាពកក់ក្តៅ និងភាពជឿទុកចិត្តដល់អ្នកមកទទួលសេវាសុខាភិបាលទាំងអស់៕