នំគ្រក់ ១ម៉ឺននំ និងនំបញ្ចុក ១០០គីឡូក្រាម ចែកជូនញាំជុំគ្នាដោយឥតគិតថ្លៃ នៅវត្តសិលារង្សី (វត្តចាស់) ក្នុងខេត្តត្បូងឃ្មុំ

19-04-2026 15:49

(ត្បូងឃ្មុំ)៖ បើទោះបីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួន៣ថ្ងៃបានបញ្ចប់ទៅហើយក៏ដោយ តែការរៀបចំកម្មវិធីសប្បាយៗ ការកំសាន្តនានា រួមនឹងការហូបចុកដោយឥតគិតថ្លៃ ដើម្បីអបអរឆ្នាំថ្មីនេះ នៅមិនទាន់បញ្ចប់នៅឡើយទេ។

ក្នុងនោះនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ នាបរិវេណវត្តសិលារង្សី ស្ថិតក្នុងឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរៀបចំពិធីចាក់នំគ្រក់ ទទួលទានជុំគ្នា ក្រោមគំនិតផ្ដួចផ្ដើម និងអធិបតីភាព ព្រះមធុរធម្មរង្សី វ៉ាន ដាវី ព្រះគ្រូអនុគណស្រុកត្បូងឃ្មុំ និងជាព្រះគ្រូចៅអធិការវត្តសិលារង្សី រួមជាមួយ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ។

ក្នុងពិធីនេះ មានការចាក់នំគ្រក់ក្តៅៗយ៉ាងសម្រិតសម្រាំងចំនួន ១០,០០០ នំ និងការរៀបចំនំបញ្ចុកខ្មែរចំនួន ១០០ គីឡូក្រាម ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទមកពីជិតឆ្ងាយ បានញាំយ៉ាងឆ្ងាញ់ពិសាជុំគ្នា ប្រកបដោយភាពស្និទ្ធស្នាលបំផុត។

សូមជម្រាបថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលបានបិទបញ្ចប់ទៅ នៅក្នុងឆ្នាំ២០២៦នេះ ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវសរុបចំនួន ៨៦៣,៣៣១នាក់។ ក្នុងនោះដើរកម្សាន្តវិលល្ងាច ៨៦៣,១៨៧ នាក់ ទេសចរជាតិ (ស្នាក់នៅ) ១២១ នាក់ ទេសចរបរទេស២៣នាក់។
តាមរយៈតួលេខនេះ បង្ហាញថាចំនួនភ្ញៀវទេសចរ មានការ កើនឡើង ២០.៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ (ដែលមានចំនួន ៧១៦,០៥៥ នាក់)៕