សៀវភៅ « រដ្ឋមន្ត្រីកូវីដ » ត្រូវបានសម្ពោធជាផ្លូវការ និងផ្សព្វផ្សាយ  ដើម្បីរំលឹកឡើងវិញនូវព្រឹត្តិការណ៍ចលនាសាមគ្គីជាតិ តស៊ូប្រយុទ្ធឈ្នះ កូវីដ១៩ ដែលជាមេរៀនពិសោធសម្រាប់កូនខ្មែរគ្រប់ជំនាន់

19-04-2026 16:54

(ភ្នំពេញ)៖ សៀវភៅ « រដ្ឋមន្ត្រីកូវីដ » ត្រូវបានសម្ពោធជាផ្លូវការ និងផ្សព្វផ្សាយ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ( NPIC ) ក្រោមអធិបតីភាព លោក ព្រុំ សុខា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ។

សៀវភៅ «រដ្ឋមន្ត្រីកូវីដ» អ្នកនិពន្ធចំណាយពេល៣ឆ្នាំដើម្បីចងក្រងសំណេរកំណត់ត្រាជាសៀវភៅអក្សរសិល្ប៍មានកម្រាស់រាប់រយទំព័ររៀបរាប់ពីជីវិតការងាររបស់មន្ត្រីសាធារណៈម្នាក់ដែលបានបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជនអស់រយៈពេល៤៧ឆ្នាំកន្លងមក ជាអាទិ៍ កំលុងពេលធ្វើជារដ្ឋមន្ត្រី៣ឆ្នាំក្នុងកាលៈទេសៈពិស្ស នៃការរាតត្បាតជំងឺឆ្លងជាសាកលកូវីដ១៩ (២០២០-២០២៣)។

ពិធីសម្ពោធនេះដែរ លោក ព្រុំ សុខា បានលើកឡើងថា សៀវភៅ « រដ្ឋមន្ត្រីកូវីដ » ខិតខំប្រមូលផ្តុំពិសោធន៍ការងារជាឧត្តមានុវត្តន៍ដោយបានឆ្លងកាត់ វិញ្ញាសាសាកល្បងបំពេញភារកិច្ចជាក់ស្តែងលើវិស័យរដ្ឋបាលសាធារណៈនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពី ទិដ្ឋភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ពីមរតកប្រវត្តិសាស្ត្របន្សល់ទុកមកដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ព្រមទាំងពីបញ្ហាទាំងឡាយនាពេលបច្ចុប្បន្នដែលបណ្តាលមកពីការប្រជែងគ្នា យ៉ាងក្តៅគគុកដណ្តើមឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាចពិភពលោក។

លោក ព្រុំ សុខា បានបន្ថែមថា ការបញ្ចប់សម័យកាលកូវីដ១៩ បានផ្តល់មេរៀនពិសោធសម្រាប់ប្រទេសនីមួយៗនៅលើភពផែនដី។ ការរាតត្បាតជំងឺកូវីដ១៩ បានបង្ហាញពីករណីសិក្សាសំខាន់មួយ សម្រាប់ពិភពលោកទាំងមូល (The Covid-19 presented an important case study on a global scale)។ កូវីដ១៩ជាវិញ្ញាសា សាកល្បងសកលចំពោះអភិបាលកិច្ច និងភាពធន់សង្គម (Covid-19 is a worldwide test of governance and social resilience)។ ពេលនោះ កម្ពុជាដែលស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ អតីតនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន បានបង្កើតប្រវត្តិជោគជ័យនៃសង្គ្រាមដណ្តើមជីវិត ពលរដ្ឋពីមាត់ជ្រោះមរណៈកូវីដ១៩។ សៀវភៅ « រដ្ឋមន្ត្រីកូវីដ » ចូលរួមចំណែករំលឹកឡើងវិញនូវព្រឹត្តិការណ៍ចលនាសាមគ្គីជាតិ តស៊ូប្រយុទ្ធឈ្នះ កូវីដ១៩ ដែលជាមេរៀនពិសោធសម្រាប់កូនខ្មែរគ្រប់ស្រទាប់សង្គមតរៀងមក។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ដ្រី ក៏បានបញ្ជាក់ថា ថ្មីៗនេះការប្រយុទ្ធដ៏អង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជាតទល់នឹងការរំលោភបំពានដ៏គឃ្លីនរបស់ កងទ័ពសៀមនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ចាប់តាំងពីការប៉ះទង្គិចដោយអាវុធដ៏គ្រោះថ្នាក់៥ថ្ងៃ ក្នុងរយៈពេល៥ខែកន្លងទៅ មកដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានក្លាយមកជាសង្គ្រាមដែល សៀមឈ្លានពានព្រំដែនកម្ពុជាយ៉ាងពេញបន្ទុក។នេះជាសង្គ្រាមស្នេហាជាតិដ៏ស្រួចស្រាល់ មោះមុត អត់ធ្មត់របស់ប្រជាជនកម្ពុជាទាំងមូលដើម្បីការពារបូរណភាពទឹកដីសម្បត្តិវប្បធម៌ជាតិ និងសេចក្តីសុខ ក្សេមក្សាន្តជាផ្លែផ្កានៃសន្តិភាព ដែលយើងទទួលបានក្នុងកំលុងពេល២៧ឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីក្រោយឆ្នាំ១៩៩៨ មកទល់បច្ចុប្បន្ន។

លោកបានបន្ថែមថា ទោះបីមិនបានកាន់អាវុធផ្ទាល់ចូលរួមក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងឧបាយកលអនុត្តរមហិច្ឆតាសាមាន្យ យ៉ាងគឃ្លីននិងអំពើឈ្លានពានដ៏យង់ឃ្នង ឫស្យា អមនុស្សធម៌របស់កងទ័ពសៀមមកលើព្រលឹងជាតិទឹកដី និងប្រជាជនកម្ពុជា ខ្ញុំក៏ដូចជាស្មេរ កវីនិពន្ធ សិល្បករ និងយុទ្ធជនស្មារតីដទៃទៀតបានប្រើ ដងប៉ាកការួមចំណែកលើកទឹកចិត្តចលនាស្នេហាជាតិ កសាងខឿនការពារជាតិ ការពារប្រទេស ដើម្បីអត្ថិភាព ភាពស្ថិតស្ថេរគង់វង្ស និងអនាគតយូរអង្វែងរបស់ស្រទាប់មនុស្សកម្ពុជាគ្រប់ជំនាន់តទៅមុខទៀត។ ដោយធ្លាប់របួស រងគ្រោះ ឈឺចាប់ដោយសារសង្គ្រាម ប្រជាជនកម្ពុជាស្អប់ខ្ពើមសង្គ្រាម ស្រឡាញ់សន្តិភាព ដឹងគុណសន្តិភាព និងត្រូវតស៊ូប្តូរផ្តាច់ថែរក្សាការពារសន្តិភាព។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា៖ « ជាការគាប់ជួនគ្នាកម្ពុជាកំណត់យកថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំជា «ទិវាជាតិអ្នកនិពន្ធ»។ ឆ្លើយតប តាមស្មារតីនៃសារលិខិតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ ក្រោមប្រធានបទ «អ្នកនិពន្ធគឺជាទូតសុឆន្ទៈក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព » ខ្ញុំសូមចូលរួមអបអរសាទរគាំទ្រយ៉ាងក្លៀវក្លា និងប្តេជ្ញាបន្តបង្កើតស្នាដៃដើម្បីរួមចំណែកលើកកម្ពស់គុណតម្លៃនៃវប្បធម៌ « ប៉ាកកាសន្តិភាព » ពេញមួយជីវិត»

សូមជម្រាបដែរថា ស្របតាមតម្លៃស្មារតី (The Spiritual Value) ដ៏ថ្លៃថ្លាខាងលើដែលស្ថិតនៅយ៉ាងជ្រាលជ្រៅដិតដាមជាប់ជានិច្ចក្នុងឧត្តមគតិជាមរតកវប្បធម៌របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក លោកទេសរដ្ឋមន្ដ្រី សូមគូសបញ្ជាក់នូវទស្សនៈ ផ្នត់គំនិត និងបំណងប្រាថ្នារបស់ខ្លួនដូចតទៅ៖
*១៖ ចូលរួមចំណែកយ៉ាងសកម្មតាមរយៈអាវុធប៉ាកកាសន្តិភាពក្នុងចលនាកសាងខឿនការពារជាតិ ប្រយុទ្ធប្តូរផ្តាច់ការពារអធិបតេយ្យ បូរណភាពទឹកដី រក្សាឱ្យបានស្ថិតស្ថេរ គង់វង្សនូវសុខសន្តិភាពរបស់ មាតុភូមិជាទីស្នេហា ដោយខិតខំអស់លទ្ធភាពបំផុសដល់គ្រប់ស្រទាប់ក្នុងសង្គមនូវស្មារតីស្នេហា ជាតិមាតុភូមិនិងប្រជាជន។
*២៖ ចូលរួមចំណែកលើកកម្ពស់មនសិការជាតិ បំផុសលើកទឹកចិត្តឧត្តមគតិស្នេហាជាតិនិងស្មារតីម្ចាស់ការ ដ៏បរិសុទ្ធសំដៅពង្រឹងធ្លុងសាមគ្គីផ្ទៃក្នុងប្រជាជាតិទាំងមូល ដើម្បីការពារបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន កម្ពុជាដ៏ថ្លៃថ្លាឱ្យបានស្ថិតស្ថេរគង់វង្សរាប់ជំនាន់តរៀងទៅ។
*៣៖ ប្តេជ្ញារក្សា ការពារដាច់ខាត ជ្រោងខ្ពស់ជានិច្ចនូវឧត្តមគតិដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជាក្នុងពេលបច្ចុប្បន្ន ជារៀងដរាបតទៅអនាគត៕