អគ្គិភ័យឆេះឃ្លាំងស្ដុកទំនិញនៅខណ្ឌជ្រោយចង្វារ សមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង

19-04-2026 17:28

(ភ្នំពេញ)៖ អគ្គិភ័យឆេះឃ្លាំងស្ដុកទំនិញនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងហើយ នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ ក្រោយប្រើប្រាស់ទឹកអស់ជាច្រើនឡាន ដើម្បីអន្ដរាគមន៍បាញ់ពន្លត់។

ជាមួយអន្តរាគមន៍នេះលោកឧកញ៉ា សុខ ហុង ម្ចាស់ទីតាំងឃ្លាំងមួយកន្លែងនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានថ្លែងអំណរគុណកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យទាំងអស់ ដែលបានអន្ដរាគមន៍បានទាន់ពេលវេលាក្នុងហេតុការណ៍ភ្លើងឆេះឃ្លាំង នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ។

លោកឧកញ៉ា សុខ ហុង បានផ្ញើសារថ្លែងអំណរគុណ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដឹកនាំបញ្ជាផ្ទាល់ដល់ សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ក្រុមហ៊ុន OCIC ក្រុមហ៊ុនបុរីប៉េងហួត និងក្រុមហ៊ុនស្រាបៀរកម្ពុជា ដើម្បីអន្ដរាគមន៍បាញ់ពន្លត់ ទប់ស្កាត់ បានទាំងស្រុង។

លោកឧកញ៉ា បានចាត់ទុកថា កាយវិការ និងការយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ចទាំងអស់ គឺជាការបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅមកលើកងកម្លាំងមានសមត្ថកិច្ច នៅពេលជួបបញ្ហាត្រូវការជំនួយអន្ដរាគមន៍បន្ទាន់ ទាំងថ្ងៃ ទាំងយប់៕